ស្វែងរកពួកយើង:

ការលក់ដំបូង Huawei Pura 80 Pro និង Pro+ មានតម្រូវការខ្ពស់ ខណៈដែល Ultra មិនទាន់ចេញលក់ទេ!

ដោយ

Koun Jab Luffy

16 មិថុនា 2025 07:34 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមលក់ស្មាតហ្វូនជំនាន់ថ្មី Pura 80 Pro និង Pura 80 Pro+ ជាលើកដំបូងបំផុតនៅក្នុងប្រទេសចិនហើយ ដោយលទ្ធផលដែលទទួលបាននៅពេលនេះ គឺពិតជាអស្ចារ្យខ្លាំងមែនទែន។ បើមើលទៅលើតម្រូវការរបស់ស្មាតហ្វូន Huawei Pura 80 Pro និង Pro+ គឺច្រើនមែនទែន ដែលធ្វើអោយការបង្ហាញវត្តមានស្មាតហ្វូន Ultra អាចនឹងត្រូវពន្យារពេលមួយរយៈសិនមុនការចេញលក់។
គួរបញ្ជាក់ថា គិតចាប់ពីម៉ោង 10:08 នៅថ្ងៃចេញលក់ដំបូងនេះ ក្រុមហ៊ុន Huawei បើកទ្វារហាង Offline និងOnline របស់ខ្លួនដែលមានមនុស្សជាច្រើនរង់ចាំទិញស្មាតហ្វូន Huawei Pura 80 Pro និង Pura 80 Pro+ នៅក្នុងប្រទេសចិន។ ប្រភពខាងលើនេះបន្តថា សម្រាប់ការលក់ស្មាតហ្វូន Pura 80 Pro នៅពេលនេះ បានបង្ហាញថា ក្រុមហ៊ុន Huawei អាចនឹងពន្យារពេលក្នុងការលក់ទៅលើស្មាតហ្វូន Ultra។
Article image
មានការរំពឹងថា ក្រុមហ៊ុនអាចនឹងចេញលក់ស្មាតហ្វូន Pura 80 Ultra នេះ នៅពាក់កណ្តាលខែកក្កដាឆ្នាំនេះ។ សម្រាប់ការលក់លើកទី 1 របស់ស្មាតហ្វូន Pura 80 Pro និង Pro+ នៅក្នុងហាងលក់ផ្លូវការ និង online channels ផ្លូវការរបស់ក្រុមហ៊ុននេះគឺអស់ស្តុកនៅក្នុងពេល 10 នាទីប៉ុណ្ណោះ បន្ទាប់ពីការលក់ជាផ្លូវការនេះ។ រូបភាពជាច្រើនបង្ហាញថា តម្រូវការទៅលើស្តុករបស់ស្មាតហ្វូន Huawei Pura 80 Pro/Pro+ គឺមានចំនួនខ្ពស់មែនទែនសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសចិន។
តាមរយៈនៃការដាក់លក់នេះ មានអ្នកគាំទ្រជាច្រើនតម្រង់ជួរគ្នាទិញស្មាតហ្វូននេះ នៅលើផ្លូវ Nanjing East Road ក្នុងទីក្រុងស៊ាងហៃ ហាង Sanlitun នៅទីក្រុងប៉េកាំង និងជាច្រើនកន្លែងទៀតផងដែរ។ អតិថិជនជាច្រើននិយាយថា ពួកគេត្រូវរង់ចាំប្រហែលជា ១៥ នាទីដើម្បីអាចទទួលបានស្មាតហ្វូននេះ។
Article image
នៅក្នុងការបង្ហោះផ្សេងទៀតបង្ហាញថា ហាងជាច្រើនរបស់ក្រុមហ៊ុន Huawei គឺមានការតម្រង់ជួរទិញស្មាតហ្វូន Pura 80 ថ្មីនេះដោយសារតែស្មាតហ្វូននេះមានទម្ងន់ស្រាល និងសមត្ថភាពនៃការថតរូបភាពខ្លាំង។ មានការព្យាករណ៌ថា ស្មាតហ្វូន  Pura 80 series នឹងមានតម្រូវការខ្ពស់កើនឡើងខ្លាំងនៅលើទីផ្សារនៅក្នុងឆ្នាំនេះ ហើយការនាំចេញស្មាតហ្វូននេះ អាចនឹងមានកំណើនខ្ពស់ជាងជំនាន់មុនផងដែរ៕