
នៅពេលដែលក្រុមហ៊ុន Samsung បង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S25 Edge កន្លងមក មានអ្នកវិភាគជាច្រើនបានចេញមកនិយាយថា ការលក់ស្មាតហ្វូនថ្មីនេះ អាចនឹងជួបហានិភ័យដោយសារតែមនុស្សជាច្រើន ចង់បានស្មាតហ្វូនដែលមានថាមពលថ្មធំជាជាងការឌីស្សាញរូបរាងស្តើង។ ប៉ុន្តែនៅពេលនេះ ស្មាតហ្វូន Galaxy S25 Edge នេះទទួលបាននូវលទ្ធផលល្អមែនទែន ដែលផ្ទុយពីការរំពឹងទុករបស់មនុស្សជាច្រើន។ យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ @UniverseIce បានបង្ហាញនូវបញ្ជីនៃការលក់ទៅលើស្មាតហ្វូនទាំងអស់នៃត្រកូលស្មាតហ្វូន Galaxy S25 Series ហើយ។
តាមអ្នកទម្លាយរូបនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung អាចលក់ស្មាតហ្វូន Galaxy S25 Edge បានដល់ទៅចំនួន 650,000 គ្រឿង នៅក្នុងពេលមួយខែ បន្ទាប់ពីស្មាតហ្វូននេះ ប្រកាសបង្ហាញខ្លួននៅក្នុងខែឧសភានោះ។ ចំនួននៃការលក់នេះគឺច្រើនជាងអ្វីដែលមនុស្សភាគច្រើនបានគិតកន្លងមក។ សូមជំរាបថា នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Edge ផងដែរ។

ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន Samsung លក់ស្មាតហ្វូន Galaxy S25 បានចំនួន 6.07 លានគ្រឿង និង Galaxy S25+ បានចំនួន 3.85 លានគ្រឿង ខណៈដែលស្មាតហ្វូន Galaxy S25 Ultra លក់បានចំនួន 9.64 លានគ្រឿង នៅក្នុងពេល 5 ខែ គិតចាប់តាំងពីស្មាតហ្វូននេះ បានបង្ហាញខ្លួនជាផ្លូវការ។ សម្រាប់ចំនួនសរុបនៃការលក់ស្មាតហ្វូន Galaxy S25 series គឺក្រុមហ៊ុន Samsung លក់ស្មាតហ្វូនបានច្រើនជាង 22លានគ្រឿង ដែលមានការកើនឡើង 12% ធៀបជាមួយនឹងស្មាតហ្វូន Galaxy S24 series។
នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Samsung ក៏អាចនឹងមានការផ្លាស់ប្តូរខ្លាំងទៅលើស្មាតហ្វូនត្រកូល Galaxy S series ផងដែរ។ ជាធម្មតា ក្រុមហ៊ុន Samsung បង្ហាញស្មាតហ្វូន Galaxy S ចំនួន 3 ម៉ូដែល ដែលមានម៉ូដែលស្តង់ដារ, Plus និង Ultra នៅដើមឆ្នាំ។ យ៉ាងណាមិញ ស្មាតហ្វូន Galaxy S26 series អាចនឹងការផ្លាស់ប្តូរ ដោយមានម៉ូដែល Galaxy S26 Pro, Galaxy S26 Edge និង Galaxy S26 Ultra ។

ស្មាតហ្វូនGalaxy S26 Edge នេះ អាចនឹងមានកាមេរ៉ាគោលទំហំ 200MP និងទីពីរទំហំ 50MP ultrawide និងថាមពលថ្មទំហំ 4,200mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging។ ចំពោះ ស្មាតហ្វូន Galaxy S26 Ultra នឹងមានកាមេរ៉ាទំហំ 200MP ជាមួយនឹង F1.9 aperture និងថាមពលថ្មទំហំ5,000mAh ជាមួយនឹង 60W fast charging។ ស្មា តហ្វូន Galaxy S26 Pro អាចនឹងមានថាមពលថ្មទំហំ 4,300mAh។ សម្រាប់ស្មាតហ្វូន Pro និង Edge អាចនឹងប្រើប្រាស់នូវបន្ទះឈីប 2nm Exynos 2600 ខណៈពេលដែលស្មាតហ្វូន Galaxy S26 Ultra អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 2 ៕
