ស្វែងរកពួកយើង:

ការលក់រថយន្ត Tesla នៅចិនមានការកើនឡើង 9% ក្នុងឆ្នាំ 2024 ជាមួយចំនួនលក់បានជាង 65 ម៉ឺនគ្រឿង

ដោយ

Koun Jab Luffy

06 មករា 2025 09:24 ព្រឹក

អាន 3 នាទី

Article image
Tesla បានលក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួនប្រហែល 83,000 គ្រឿងនៅក្នុងប្រទេសចិនសម្រាប់ខែធ្នូ ឆ្នាំ 2024 កន្លងទៅដោយកើនឡើងប្រមាណ 18.9% ធៀបនឹងខែវិច្ឆិកា ហើយវាបានក្លាយជាខែដ៏ល្អបំផុតដែលមិនធ្លាប់មានសម្រាប់ការលក់រថយន្តរបស់ Tesla ក្នុងទីផ្សារប្រទេសចិន។ តួរលេខនេះ បានធ្វើការឲ្យការលក់រថយន្តរបស់ Tesla បានកើនឡើងនៅទីផ្សារប្រទេសចិននៅក្នុងឆ្នាំ 2024 ដោយបានបំបែកកំណត់ត្រាថ្មីសម្រាប់ការលក់រថយន្តអគ្គិសនីបានចំនួនដល់ 657,000 គ្រឿង កើនឡើងប្រមាណ 8.8% ធៀបនឹងឆ្នាំ 2023 ដែលលក់បានចំនួន 604,000 គ្រឿង។
ក្នុងខែធ្នូ ឆ្នាំ 2024 កន្លងទៅថ្មីៗនេះ Tesla បាននាំចេញរថយន្តអគ្គិសនីចំនួន 10,766 គ្រឿងពីប្រទេសចិន ដែលមានន័យថា ការនាំចេញរថយន្ត Tesla ចេញពីរោងចក្រនៅទីក្រុងសៀងហៃ គឺមានចំនួនកើនឡើងដល់ 93,766 គ្រឿង។ សម្រាប់តួរលេខនៃការលក់ និងការនាំចេញរបស់ក្រុមហ៊ុន Tesla China សរុបគេមានចំនួន 916,660 គ្រឿង មានការធ្លាក់ចុះប្រមាណ 3.3% ធៀបនឹងចំនួននៃការនាំចេញ និងការលក់សរុប ចំនួន 947,742 គ្រឿងក្នុងឆ្នាំ 2023។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកមួយនេះបាននាំចេញរថយន្តចំនួន 259,485 គ្រឿងពីប្រទេសចិនក្នុងឆ្នាំ 2024 ធ្លាក់ចុះ 24.6% ធៀបនឹងចំនួន 344,078 គ្រឿងដែលបាននាំចេញក្នុងឆ្នាំ 2023។ Tesla ផលិតតែរថយន្ត Model 3 និង Model Y ប៉ុណ្ណោះនៅក្នុងរោងចក្រ Shanghai។
ក្នុងឆ្នាំ 2024 ក្រុមហ៊ុន Tesla បានចែកចាយរថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 1,789,226 គ្រឿងនៅទូទាំងទីផ្សារពិភពលោក ធ្លាក់ចុះ 1.1% ធៀបនឹងឆ្នាំ 2023 ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងបំផុតរបស់ Tesla សម្រាប់រយៈពេលជាងពីរទសវត្សន៍នេះ។ ទោះជាមួយ៉ាងណា សម្រាប់ការលក់រថយន្តអគ្គិសនីរបស់ Tesla នៅទីផ្សារប្រទេសចិន គឺមានចំនួន 657,000 គ្រឿង ដែលបានរួមចំណែកប្រមាណ 37% សម្រាប់ការចែកចាយរថយន្តនៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Tesla ។ ក្រុមហ៊ុន Tesla ប្រចាំនៅប្រទេសចិនទើបតែបានបិទបញ្ចប់ការសាងសង និងការចាប់ផ្តើមផលិតសាកល្បងនៅក្នុងរោងចក្រទីពីររបស់ខ្លួននៅទីក្រុងសៀងហៃកាលពីសប្តាហ៍មុន ហើយឆាប់ៗនេះ Tesla នឹងចាប់ផ្តើមធ្វើការតំឡើងស្ថានីយ៍សាកភ្លើង V4 Supercharge Cabinets ថ្មីដែលផ្តល់ថាមពលសាកថ្មរហូតដល់ 500kW នៅទូទាំងប្រទេសចិនបន្ថែមទៀត។
Article image
គួរបញ្ជាក់ផងដែរថា នៅចុងខែនេះ ក្រុមហ៊ុន Tesla China នឹងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៃរថយន្ត Tesla Model Y ដែលមានកូដឈ្មោះថា Juniper។ រថយន្តអគ្គិសនី SUV-5 កៅអីជំនាន់ថ្មីនេះ នឹងបង្ហាញវត្តមាននៅលើទីផ្សាររួមគ្នាជាមួយនឹងម៉ូដែល Tesla Model Y កៅអីបីជួរមាន 6-កៅអី ក្នុងត្រីមាសទី 4 ឆ្នាំ 2025៕
ការលក់រថយន្ត Tesla នៅចិនមានការកើនឡើង 9% ក្នុងឆ្នាំ 2024 ជាមួយចំនួនលក់បានជាង 65 ម៉ឺនគ្រឿង