
Huawei Mate X6 ដែលជាស្មាតហ្វូនបត់បានស៊េរីថ្មី ត្រូវបានគេរាយការណ៌ថា បានបំបែកនូវកំណត់ត្រានៃការលក់ដ៏អស្ចារ្យនៅក្នុងពេលតែមួយខែប៉ុណ្ណោះ។ យោងតាមការបញ្ជាក់ចេញពីប្រភពផ្គត់ផ្គង់ជាច្រើន បានអោយដឹងថា ការនាំចេញស្មាតហ្វូនបត់បាននេះនៅក្នុងប្រទេសចិន គឺមានការកើនឡើងចំនួន 130% បើធៀបទៅនឹងម៉ូដែលជំនាន់មុននេះ ដែលធ្វើអោយក្រុមហ៊ុននេះ បង្កើនប្រាក់ចំណូលបានយ៉ាងច្រើនផងដែរ។
ស្មាតហ្វូនថ្មីនេះ គឺមានការចាប់អារម្មណ៍ខ្លាំងបើធៀបជាមួយនឹងស្មាតហ្វូន Mate X5 ដែលចេញលក់កាលពីមុន។ ប្រភពជាច្រើនបាននិយាយថា ការលក់ស្មាតហ្វូន Huawei Mate X6 មានការកើនឡើងដល់ទៅ 130% នៅក្នុងពេល 2 សប្តាហ៍បន្ទាប់ពីការដាក់លក់។ ព័ត៌មាននេះ គឺបានបង្ហាញអំពីភាពខ្លាំងនៃផលិតផល Huawei នៅក្នុងទីផ្សាររបស់ប្រទេសចិន ដែលផ្តោតទៅលើភាពច្នៃប្រឌិត បច្ចេកវិទ្យា AI ថ្មីដែលធ្វើអោយស្មាតហ្វូនបត់បាន Mate X6 នេះមានការពេញនិយមខ្លាំងក្លាជាងស្មាតហ្វូន Mate 70 series ទៀត។ ប្រភពជាច្រើន បានទម្លាយថា ការលក់កើនឡើងដ៏ខ្លាំងក្លានេះ បានបង្ហាញអំពីកង្វះនៃស្តុករបស់ស្មាតហ្វូន Mate X6 ផងដែរ។
បើទោះបីជាមានរយៈពេលនៃការផ្គត់ផ្គង់ក៏ដោយនោះ អតិថិជនជាច្រើន ក៏នៅមិនទាន់ទទួលបាននូវស្មាតហ្វូនបត់បាននេះទេ។ ក្រុមហ៊ុន Huawei បានផ្តួចផ្តើមនូវផែនការទិញមុនចំនួន 90 ថ្ងៃ ទៅលើស្មាតហ្វូន Mate X6 ដែលការដឹកជញ្ជូនអាចស្ថិតនៅក្នុងចន្លោះពេលណាមួយ។ អតិថិជនដែលបានធ្វើការកម្មង់ទិញគឺត្រូវធ្វើការរង់ចាំ។ ក្រុមហ៊ុននេះ អាចនឹងដឹកស្មាតហ្វូននេះ ទៅកាន់អតិថិជននៅក្នុងពេលកំណត់នេះ។ ស្មាតហ្វូន Huawei Mate X6 នេះ គឺមានការផ្លាស់ប្តូរច្រើនបើប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន។ ស្មាតហ្វូននេះ មានការឌីស្សាញស្តើងជាងមុន និងធំជាងមុនជាមួយនឹងទម្ងន់ 239g ហើយវាពិតជាងាយស្រួលក្នុងការកាន់មែនទែន។

ស្មាតហ្វូន Mate X6 នេះ មានអេក្រង់ខាងក្នុងទំហំ 7.93-អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.45-អ៊ីង។ អេក្រង់ទាំងពីរនេះ គឺធំជាងនៅលើស្មាតហ្វូន Mate X5 (inner: 7.85-អ៊ីង, outer: 6.4-អ៊ីង)។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9020 ដែលបង្កើនទៅលើសមត្ថភាពខ្លាំងជាងមុនដល់ទៅ 40% ផងដែរ។ ស្មាតហ្វូន Huawei Mate X6 នេះក៏មានមុខងារថ្មីនោះគឺ Satellite-Paging Feature ដែលអាចភ្ជាប់ទៅកាន់ satellite បានដោយមិនចាំបាច់ដាក់ស្មាតហ្វូននេះបង្វែរទៅអោយចំ satellite នោះទេ៕
