
ដូចអ្វីដែលបានគ្រោងទុក ស្មាតហ្វូនស៊េរីថ្មី Huawei Pura 70 series បានបង្ហាញខ្លួននៅលើទីផ្សារនៅថ្ងៃទី 18 ខែមេសានេះហើយ ដោយក្រុមហ៊ុននេះ មិនមានការរៀបចំនូវសន្និសីទសារព័ត៌មានអ្វីនោះទេ។ ក្រុមហ៊ុន Huawei បានធ្វើការបង្ហាញនូវស្មាតហ្វូន Pura 70 series នេះ តាមរយៈគណនី Weibo ផ្លូវការរបស់ពួកគេ។
ជាមួយនិងការប្រកាសចេញនូវស្មាតហ្វូន Huawei P-Series ឆ្នាំនេះត្រូវបានក្រុមហ៊ុនសម្រេចប្តូរឈ្មោះមកជា Huawei Pura វិញហើយ។ ស្មាតហ្វូន Huawei Pura 70 នេះ មាន 4 ម៉ូដែល រួមមានដូចជា Huawei Pura 70, Pura 70 Pro, Pura 70 Pro+ និង Pura 70 Ultra។ ស្មាតហ្វូន Huawei Pura 70 នេះ មានតម្លៃ 5,499 យ៉ន់ (~$760) ហើយក៏បំពាក់នូវកាមេរ៉ា periscope telephoto ថែមទៀតផង។

សម្រាប់ការលក់ដំបូងនៃស្មាតហ្វូន Huawei Pura 70 series នេះ គឺបានចាប់ផ្តើមនៅ Huawei Mall ក្នុងប្រទេសចិននៅវេលាម៉ោង 10:08 am ហើយនឹងបានលក់អស់រលីងពីស្តុកនៅមិនដល់ 1 នាទីផង។ បន្ថែមពីនេះ ក៏មានការរាយការណ៍កាលពីពេលមុននេះថា ស្មាតហ្វូន Pura 70 series ជាពិសេសម៉ូដែល Pro ប្រហែលជាមិនមានស្តុកគ្រប់គ្រាន់ក្នុងការផលិតនោះទេ ហើយក៏នឹងមានកង្វះខាតទៅលើការផលិតផងដែរ។ យោងតាមរបាយការណ៍ជាច្រើនចុងក្រោយបំផុតនេះ បានអោយដឹងថា ហាងមួយចំនួននៅមិនទាន់ទទួលបាននូវស្មាតហ្វូនថ្មីនេះនៅឡើយទេ។ សម្រាប់អតិថិជនដែលបានធ្វើការ pre-order នូវស្មាតហ្វូនទាំងនេះ នៅហាងនោះ ត្រូវមកកាន់ហាងដដែលដើម្បីអាចទទួលបាននូវស្មាតហ្វូនថ្មីនេះ។

បើទោះបីជាមានស្តុកជាច្រើននៅហាងលក់ជាច្រើនក៏ដោយ មនុស្សជាច្រើន ក៏ចាប់ផ្តើមតំរង់ជួរនៅក្នុងហាងនោះ ដែលមានន័យថា តម្រូវការទៅលើស្មាតហ្វូននេះ ពិតជាមានចំនួនច្រើនជាងការផ្គត់ផ្គង់ពិតប្រាកដមែន។ តាមការបញ្ជាក់របស់លោក Sui Qian ដែលជាប្រធានផ្នែកសេវាកម្មយុទ្ធសាស្រ្តនៃស្មាតហ្វូននៅក្នុងក្រុមហ៊ុនវិភាគការផលិតបន្ទះឈីប និងបច្ចេកវិទ្យាកម្រិតខ្ពស់ TechInsights បាននិយាយថា ស្មាតហ្វូន Pura 70 Series អាចនឹងធ្វើអោយក្រុមហ៊ុន Huawei ទទួលបាននូវភាពជោគជ័យដូចទៅនឹងវត្តមានរបស់ស្មាតហ្វូន Huawei Mate 60 Series។
គាត់បញ្ជាក់ថា ប្រសិនបើតម្លៃរបស់ស្មាតហ្វូននេះ សមរម្យ ហើយបញ្ហានៃការផលិត គឺអាចដោះស្រាយបានទាន់ពេលវេលានោះ ចំនួននៃការលក់ទៅលើស្មាតហ្វូន Pura 70 series នៅក្នុងឆ្នាំ 2024 នេះ គឺនឹងមានចំនួនច្រើនជាង 10 លានគ្រឿង។ អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន TF International Securities បានព្យាករណ៍ថា បើធៀបជាមួយនឹងស្មាតហ្វូន Huawei P60 Series ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2023 នោះ ការនាំចេញទៅលើស្មាតហ្វូន Huawei P70 Series នឹងមានការកើនឡើងគួរអោយកត់សម្គាល់នៅក្នុងឆ្នាំ 2024 នេះ៕

