ស្វែងរកពួកយើង:

ការលក់ iPhone នៅប្រទេសចិន កាលពីខែមេសាកន្លងទៅនេះ មានការស្ទុះកើនឡើងវិញ 25%

ដោយ

Koun Jab Luffy

30 ឧសភា 2024 04:24 ល្ងាច

អាន 2 នាទី

Article image
ការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន នៅក្នុងខែមេសានេះ គឺមានការកើនឡើងដល់ទៅ 25% ដែលតួរលេខនេះ គឺបានឆ្លុះបញ្ចាំងអំពីការស្ទុះងើបឡើងវិញរបស់ក្រុមហ៊ុននេះ តាមរយៈការកាត់បន្ថយទៅលើតម្លៃ និងការកើនឡើងទៅលើតម្រូវការអ្នកប្រើប្រាស់ស្មាតហ្វូននៅក្នុងប្រទេសនេះ។ ការនាំចេញនៅក្នុងខែមេសាឆ្នាំ 2024 នេះ មានការកើនឡើងដល់ចំនួន 3.5 លានគ្រឿង ប្រៀបធៀបជាមួយនិងខែមេសាឆ្នាំ 2023 នេះ គឺមានការនាំចេញបានចំនួនចាប់ពី 2.3 លានគ្រឿងប៉ុណ្ណោះ នេះបើតាមទិន្នន័យចេញពី China Academy of Information and Communications Technology (CAICT)។
គួរបញ្ជាក់ថា ខណៈពេលដែលក្រុមហ៊ុន Apple ចាប់ផ្តើមប្រើប្រាស់នូវយុទ្ធសាស្រ្តក្នុងការកាត់បន្ថយតម្លៃនៅលើទីផ្សារចិនកាលពីពេលថ្មីៗនេះ បានធ្វើអោយមានការពេញនិយមខ្លាំងទៅលើស្មាតហ្វូន iPhone នេះ។ ការងើបឡើងរបស់ស្មាតហ្វូន iPhone នៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការស្ទុះងើបឡើងវិញយ៉ាងទូលំទូលាយនៅក្នុងទីផ្សារស្មាតហ្វូនដែលមានការកើនឡើងដល់ទៅ 25.5% ទៅដល់ចំនួន 22.7 លានគ្រឿងនៅក្នុងខែមេសានេះ។ ទិន្នន័យរបស់ CAICT នេះ បានទម្លាយថា ការលក់ iPhone បានរួមចំនែកយ៉ាងសំខាន់នៅក្នុងកំណើនដ៏ខ្លាំងក្លានេះ។
ការផ្លាស់ប្តូរខាងលើនេះ គឺបន្ទាប់ពីក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ទទួលបាននូវបទពិសោធន៍នៃការធ្លាក់ចុះចំនួន 37% ទៅលើការលក់នៅក្នុងរយៈពេល 2 ខែដំបូងនៅក្នុងឆ្នាំ 2024 នេះ។ ការងើបឡើងវិញបានចាប់ផ្តើមនៅក្នុងខែមីនាជាមួយនឹងការកើនឡើងទៅលើការនាំចេញដល់ទៅ 12% ដែលបន្តដល់ខែមេសានេះ។ យុទ្ធសាស្រ្តនៃការវិលត្រឡប់របស់ក្រុមហ៊ុន Apple នេះគឺមានការប្រើប្រាស់នូវយុទ្ធសាស្រ្តនៃការចុះតម្លៃទៅលើ iPhone ដេលមានការចុះថ្លៃរហូតដល់ទៅ 2,300 យ៉ន់ (ប្រហែលជា $318) នៅលើវេបសាយ Tmall។
Article image
គួរបញ្ជាក់ថា តាមការបញ្ជាក់ពី Bloomberg បាននិយាយថា ចំនែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន អាចនឹងមានស្ថិរភាពឆាប់ៗនេះ ខណៈពេលដែលអ្នកប្រើប្រាស់ជាច្រើន បានចាប់ផ្តើមចាប់អារម្មណ៍ទៅលើស្មាតហ្វូន iPhone ថ្មីនេះ។ របាយការណ៍ថ្មីនេះ បានបង្ហាញទៀតថា អ្នកប្រើប្រាស់ស្មាតហ្វូនច្រើនជាងពាក់កណ្តាលនៅក្នុងប្រទេសចិន នឹងចំណាយប្រាក់ច្រើនជាង 4,000 យ៉ន់ ( ប្រហែលជា $550) នៅលើស្មាតហ្វូនបន្ទាប់ ហើយវាមានការកើនឡើង 33% ដែលជាអ្នកប្រើប្រាស់ស្មាតហ្វូនប្រណិតនោះ៕
ការលក់ iPhone នៅប្រទេសចិន កាលពីខែមេសាកន្លងទៅនេះ មានការស្ទុះកើនឡើងវិញ 25%