
យោងតាមសេចក្តីប្រកាសថ្មីៗនេះបាននិយាយថា ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវថេប្លេតជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi Pad 7 Series ហើយ ដែលនេះជាថេប្លេតស៊េរីថ្មីនៃ Pad 6 series ដែលបង្ហាញវត្តមានកាលពីឆ្នាំមុននេះ។ ថេប្លេតជំនាន់ថ្មីនេះ នឹងមានម៉ូដែល Xiaomi Pad 7 និង Pad 7 Pro។ សម្រាប់ថេប្លេតម៉ូដែល Xiaomi Pad 7 Pro នេះ ក៏បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C របស់ចិន និង IMDA database របស់ប្រទេសសិង្ហបុរីផងដែរ។
នៅពេលនេះ បើតាមអ្នកទម្លាយ Digital Chat Station គឺបានចែកចាយនូវលក្ខណៈសម្បត្តិលម្អិតជាច្រើនរបស់ថេប្លេតថ្មីនេះហើយ។ នៅក្នុងការបង្ហោះអ្នកទម្លាយរូបនេះនៅលើ Weibo នោះ គឺបានបង្ហាញថា ថេប្លេតជំនាន់ថ្មី Xiaomi Pad 7 នេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 និងមានអេក្រង់ទំហំ 11-អ៊ីងរត់បានជាមួយល្បឿន 144Hz ហើយនឹងអាចបង្ហាញចេញបានកម្រិត 3K LCD display។ ថេប្លេតនេះ នឹងមានថាមពលថ្មទំហំ 10,000mAh ជាមួយនឹងបច្ចេកវិទ្យា 120W fast charging ផងដែរ។

ជាមួយគ្នានេះដែរ ការបែកធ្លាយជាច្រើនមុននេះ ក៏មានកាសរអះអាងដែរថា ថេប្លេត Xiaomi Pad 7 Pro នឹងមានបន្ទះឈីប Snapdragon 8 Gen 3 និងមានអេក្រង់ OLED display រត់បានជាមួយល្បឿន 144Hz និងមានការបំពាក់នូវទំហំថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មលឿនដូចទៅនឹង Pad 7 អញ្ចឹង។ អ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកថា ថេប្លេតទាំងពីរនេះ នឹងដំណើរការនូវ HyperOS 2.0 ដែលនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Xiaomi 15 series ផងដែរ។

បើតាមសេចក្តីរាយការណ៌មុននេះ បាននិយាយថា ថេប្លេតនេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ ហើយ នឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ ជាមួយនឹងស្មាតហ្វូន Xiaomi 15 Series ផងដែរ។ ថេប្លេតទាំងពីរនេះ នឹងមានការបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសចិន ហើយនឹងបន្តបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅពេលក្រោយ។ សូមជំរាបថា ថេប្លេតជំនាន់ថ្មី Xiaomi Pad 7 Pro នេះ បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ IMDA របស់ប្រទេសសិង្ហបុរីរួចហើយ ក្រុមហ៊ុនចិនមួយនេះ ក៏មានគម្រោងក្នុងការបង្ហាញនូវថេប្លេតជាច្រើននេះ នៅក្រៅទីផ្សាររបស់ចិនផងដែរ៕
