
បន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series នៅលើទីផ្សារជុំវិកញពិភពលោករួចមក នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនលំដាប់ថវិកាមួយទៀតហើយ នោះគឺ iPhone SE 4។ សូមជំរាបថា ស្មាតហ្វូន iPhone SE បានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ 2016, 2020 និង 2022។ នៅពេលនេះ មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនជំនាន់ថ្មី iPhone SE 4 នឹងបង្ហាញខ្លួននៅដើមឆ្នាំ 2025 នេះហើយ។
បើតាមការទម្លាយចេញពីលោក Mark Gurman ដែលជាអ្នកវិភាគរបស់សារព័ត៌មាន Bloomberg បាននិយាយថា ក្រុមហ៊ុន Apple បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ iPhone SE នៅដើមឆ្នាំក្រោយនេះថែមទៀតហើយ។ ស្មាតហ្វូន iPhone SE 4 ជំនាន់ថ្មីនេះ នឹងមានលេខម៉ូដែល “V59” ដោយម៉ូដែលនេះ ត្រូវបានគេនិយាយថា នឹងជួយក្រុមហ៊ុន Apple អោយប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Android លំដាប់ថវិកាជាច្រើនទៀត ជាពិសេសនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏បានធ្វើការផ្លាស់ប្តូរទៅលើការឌីស្សាញទៅលើស្មាតហ្វូន iPhone SE 4។

Mark Gurman បានបង្ហាញពីការជឿជាក់ថា ស្មាតហ្វូនជំនាន់ថ្មី SE 4 នេះ គឺមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 14។ នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone SE 4 នេះ អាចនឹងមានមុខងារពិសេសមួយនៅលើស្មាតហ្វូន iPhone 16 series នោះគឺ Apple Intelligence។ ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប A18 និងរ៉េមទំហំ 8GB។ ដូចនេះ ការបំពាក់នូវ Apple Intelligence នៅលើស្មាតហ្វូន iPhone SE4 នេះ នឹងក្លាយជាចំណុចទាក់ទាញដ៏ខ្លាំងសម្រាប់អ្នកប្រើប្រាស់នេះ៕
