ស្វែងរកពួកយើង:

កូរ៉េខាងត្បូង អាចនឹងក្លាយជានៅទីផ្សារថ្មីសម្រាប់ iPhone 16 Series បន្ទាប់ការលក់នៅចិនមានការធ្លាក់ចុះខ្លាំង

ដោយ

Koun Jab Luffy

08 សីហា 2024 01:42 រសៀល

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ចេញពីសារព័ត៌មាន Korea Times នៅថ្ងៃនេះ បានសសេរថា ក្រុមហ៊ុន Apple កំពុងតែពិចារណានៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series នៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង លឿនជាងកាលបរិច្ឆេទធម្មតាដោយសារតែតម្រូវការទាបខ្លាំងមែនទែននៅក្នុងប្រទេសចិន។ ប្រសិនបើព័ត៌មាននេះ ក្លាយជាការពិតមែននោះ នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយរបស់ក្រុមហ៊ុន Apple ខណៈពេលដែលប្រទេសកូរ៉េ មិនមែនជាផ្នែកមួយនៃការ ចាប់ផ្តើមដាក់លក់ iPhone ជំនាន់ថ្មីនោះទេ គិតចាប់តាំងពីការបង្ហាញវត្តមានរបស់ iPhone 3GS នៅក្នុងឆ្នាំ 2009 មក។
បើតាមប្រភពខាងលើនេះ បាននិយាយថា ក្រុមហ៊ុន Apple នឹងប្រកាសចេញនូវស្មាតហ្វូន iPhone 16 នេះនៅក្នុងពាក់កណ្តាលខែកញ្ញាខាងមុខនេះ ហើយវាប្រហែលជាធ្វើឡើងនៅថ្ងៃទី 10 ផងដែរ។ និយាយទៅនេះជាប្រវត្តិសាស្រ្តទៅហើយ ទោះបីជាចំណែកទីផ្សារដ៏ខ្លាំងក្លារបស់ iPhone នៅក្នុងប្រទេសកូរ៉េ ក៏ដោយ ស្មាតហ្វូនម៉ូដេលថ្មី ក៏បង្ហាញខ្លួននៅក្នុងទីផ្សារនេះក្រោយដែរ ដោយបានធ្វើឡើងនៅប៉ុន្មានសប្តាហ៍ក្រោយពេលដែលក្រុមហ៊ុននេះ បង្ហាញនូវស្មាតហ្វូននេះនៅទីផ្សារដទៃជាច្រើនទៀត។ ការធ្វើបែបនេះ គឺដោយសារតែជាគោលការណ៍របស់ក្រុមហ៊ុន Apple និងប្រព័ន្ធគ្រប់គ្រងរបស់កូរ៉េខាងត្បូង។
គ្រប់ផលិតផលអេឡិចត្រូនិកទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺត្រូវតែមានការបញ្ជាក់ចេញពីស្ថាប័នជាតិវិទ្យុសកម្ម(National Radio Research Agency) ហើយព័ត៌មានលម្អិតរបស់វាក៏មានការបង្ហាញនៅលើវេបសាយរបស់ស្ថាប័ននេះផងដែរ។ បើទោះបីជាមានបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន Apple បានពិចារណាឡើងវិញនូវយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុងទីផ្សាររបស់ប្រទេសកូរ៉េ ខណៈពេលដែលវិធីសាស្រ្តនេះ នឹងជម្រុញទៅលើការលក់របស់ស្មាតហ្វូនថ្មីនៅក្នុងប្រទេសនេះ។
Article image
គួរបញ្ជាក់ថា បើមើលទៅលើទិន្នន័យដែលដកស្រង់ចេញពីក្រុមហ៊ុន Canalys បានបង្ហាញថា ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុនApple នៅក្នុងប្រទេសចិន គឺមានការធ្លាក់ចុះមក នៅត្រឹមតែ 14% នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះ ដែលតួរលេខនេះ គឺមានការធ្លាក់ចុះពី 16% ប្រៀបធៀបកាលពីដើមឆ្នាំនេះ។ ការធ្លាក់ចុះនេះបណ្តាលអោយក្រុមហ៊ុន Apple ធ្លាក់ចេញពីតំណែង Top 5 នៅក្នុងប្រទេសចិនទៅលើការលក់ស្មាតហ្វូនថែមទៀតផង។ កត្តានេះហើយ គឺជាអ្វីដែលក្រុមហ៊ុន Apple នឹងងាកទៅកាន់ទីផ្សារជាច្រើនទៀត ដែលក្នុងនោះក៏មានកូរ៉េខាងត្បូងផងដែរ៕