ស្វែងរកពួកយើង:

ក្រុមហ៊ុន BYD នៅក្នុងប្រទេសថៃ នឹងប្រារព្ធព្រឹត្តិការណ៍ពិសេសពីរ នៅក្នុងថ្ងៃទីមួយ នាថ្ងៃទី 4 ខែកក្កដាស្អែកនេះ

ដោយ

Koun Jab Luffy

03 កក្កដា 2024 01:50 រសៀល

អាន 3 នាទី

Article image
នៅថ្ងៃទី 4 ខែកក្កដានឹងក្លាយជាថ្ងៃដែលក្រុមហ៊ុន BYD ប្រារព្ធព្រឹត្តិការណ៍ពីរក្នុងពេលថ្ងៃតែមួយ ។ ដោយព្រឹត្តិការណ៍ទីមួយ គឺការប្រកាសបើកដំណើរការរោងចក្រថ្មីនៅក្នុងប្រទេសថៃ ហើយព្រឹត្តិការណ៍ទីពីរ គឺជាព្រឹត្តិការណ៍ប្រកាសពីរថយន្តអគ្គិសនីថ្មីចំនួនទី 8 លានគ្រឿង នឹងរំកិលចេញពីខ្សែសង្វាក់ផលិតកម្ម។ ដែលព្រឹត្តិការណ៍ទាំងពីរនេះ បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីផលិត កម្មបានចាប់ផ្តើមនៅរោងចក្រ BYD ស្ថិតនៅប្រទេសអ៊ូសបេគីស្ថាន។
BYD បានចំណាយពេល 13 ឆ្នាំដើម្បីសម្រេចបានការផលិតរថយន្តអគ្គិសនីរាប់លានគ្រឿងលើដំបូងក្នុងឆ្នាំ 2021។ ការផលិតរថយន្តចាប់ពីចំនួន 7 ទៅ 8 លានគ្រឿងត្រូវចំណាយពេលតិចជាង 4ខែ ដោយរថយន្តចំនួនទី 7 លានគ្រឿងត្រូវបានរំកឹលចេញពីខ្សែសង្វាក់ផលិតកាលពីថ្ងៃទី 25 ខែមីនាឆ្នាំនេះ។ ហើយវាមានរយៈពេលតិចជាង 11 ខែចាប់តាំងពី BYD បានផលិតរថយន្តទី 5 លានគ្រឿងដែលបានចេញរំកឹលចេញកាលពីថ្ងៃទី 9 ខែសីហាឆ្នាំ 2023។ យ៉ាងណាមិញ មិនទាន់មានព័ត៌មានច្បាស់ការណ៍នៅឡើយទេថា តើរថយន្តចំនួនទី 8 លានគ្រឿងនឹងចេញលក់ពីរោងចក្រដំឡើងនៅប្រទេសថៃ ឬថាតើការផលិតនឹងចាប់ផ្តើមនៅទីនោះនៅថ្ងៃទី 4 ខែកក្កដាស្អែកនេះ។
រោងចក្រថ្មីរបស់ BYD នៅក្នុងប្រទេសថៃ គឺជារោងចក្រដំបូងគេនៅបរទេសដែលគ្រប់គ្រងទាំង ស្រុងដោយក្រុមហ៊ុន Uzbek គឺជារោងចក្រស្ថិតក្នុងសម្ព័ន្ធ JV។ ការសាងសង់រោងចក្រនេះបានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ 2023 ដែលស្ថិតនៅក្នុងតំបន់ពិសេសនៃច្រករបៀងសេដ្ឋកិច្ចខាងកើត(EEC) ក្នុងខេត្តរ៉ាក់យ៉ង។ ហើយក្រុមហ៊ុន GAC Aion ក៏គ្រោងនឹងបើកដំណើរការរោងចក្រនៅចុងខែនេះផងដែរ។ ក្នុងរោងចក្រថ្មីរបស់ BYD នៅប្រទេសថៃនេះ មានគោលដៅផលិតរថយន្តចំនួន 150,000 គ្រឿងក្នុងមួយឆ្នាំ។ ចំពោះរថយន្តដែលផលិតឡើងក្នុងរោងចក្រថ្មីនេះ គឺដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេសថៃ ហើយបន្ទាប់មកនឹងពង្រីកទៅកាន់ប្រទេសជិតខាងក្នុងតំបន់អាស៊ាន និងទីផ្សារជាច្រើនទៀត។
Article image
អាស៊ានមានប្រទេសជាសមាជិកចំនួន 10 គឺមានដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី វៀតណាម និងថៃ។ រោងចក្រថ្មីរបស់ BYD ក្នុងប្រទេសថៃនេះ គឺបានកើតឡើងតិចជាងពីរឆ្នាំបន្ទាប់ពី BYD បានចុះកិច្ចសន្យាក្នុងខែកញ្ញា ឆ្នាំ 2022 ជាមួយសាជីវកម្ម WHA សម្រាប់ការទិញដី និងការសាងសង់រោងចក្រ។
BYD បានចូលប្រឡូកក្នុងទីផ្សារប្រទេសថៃក្នុងឆ្នាំ 2022 ជាមួយការផ្តើមចេញលក់រថយន្ត Atto 3 ជាលើកដំបូង។ ប្រទេសថៃមានគោលដៅក្នុងការបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីប្រមាណ 30% នៅត្រឹមឆ្នាំ 2030។ ក្រុមហ៊ុនចិនមួយចំនួនដូចជា Great Wall, SAIC, Neta និង GAC Aion បានជ្រើសរើសប្រទេសថៃក្នុងសាងសង់រោងចក្ររបស់ខ្លួន។ បច្ចុប្បន្ននេះ BYD ក៏កំពុងសាងសង់រោងចក្រផលិតរថយន្តថ្មីនៅក្នុងប្រទេសហុងគ្រី និងប្រេស៊ីលផងដែរ៕