
Honor គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយ បានក្លាយជាម៉ាកយីហោដែលមានការរីកចម្រើនលឿនបំផុតសម្រាប់ទីផ្សារសកល ដោយកាលពីឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុននេះ លក់ស្មាតហ្វូនសម្រាប់ទីផ្សារសកលបានដល់ទៅជាង 10 លានគ្រឿង។ ការចែករំលែកនូវសមិទ្ធិផលកាលពីឆ្នាំមុននេះ បានបង្ហាញថា ក្រុមហ៊ុននេះ បន្តក្នុងការសម្រេចបាននូវសមិទ្ធិផលថ្មីសម្រាប់យុទ្ធសាស្រ្តជាច្រើនរបស់ខ្លួនជាមួយនឹងភាពច្នៃប្រឌិតជាច្រើនផងដែរ។
លោក Fang Fei ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Honor ប្រកាសថ្មីៗនេះថា ក្រុមហ៊ុនបានបំបែកនូវឧបសគ្គជាច្រើនសម្រាប់ឆ្នាំ 2025 នេះ ហើយក្រុមហ៊ុនក៏បាននាំចេញស្មាតហ្វុនជាង 10 លានគ្រឿងសម្រាប់ទីផ្សារសកល។ ក្រុមហ៊ុន Honor គឺជាម៉ាកយីហោដែលមានកំនើនលឿនបំផុតសម្រាប់ទីផ្សារសកល។ លោកបន្ថែមថា ក្រុមហ៊ុន Honor បំបែកកំណត់ត្រានៃការលក់ជាច្រើននៅក្នុងទីផ្សារដូចជាអាមេរិកឡាទីន មជ្ឈឹមបូព៌ា និងអាហ្វ្រិក។ នេះគឺជាលើកដំបូងបំផុត ដែលការនាំចេញសរុបរបស់ក្រុមហ៊ុននេះ គឺកើនឡើងលើសពី 71 លានគ្រឿង ដែលមានការនាំចេញកើនឡើង 9% ផងដែរ។ តាមរយៈនៃការនាំចេញសរុប 71 លានគ្រឿងនេះ គឺទីផ្សារក្នុងប្រទេសចិន មានចំនួន 50%។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុននេះ ក៏មើលឃើញនូវកំនើនកើនឡើង 10% នៅក្នុងទីផ្សារប្រទេសជាង 17 ផងដែរ។ ស្មាតហ្វូន Magic 7 series និង Magic 8 Pro ក៏បានជម្រុញចំណាប់អារម្មណ៍ទីផ្សារសកលផងដែរដោយសារតែមុខងារសំខាន់ៗ និងថាមពលថ្មប្រើប្រាស់បានយូររបស់ស្មាតហ្វូននេះ។

ស្មាតហ្វូនថ្មីៗរបស់ក្រុមហ៊ុន Honor ក៏មានសមត្ថភាពខ្លាំងក្លាទៅលើផ្នែកកាមេរ៉ា Zoom រួមជាមួយនឹងមុខងារ AI-Photo Editing បានយ៉ាងល្អ។ ក្រុមហ៊ុនHonor ក៏មានចំនែកទីផ្សារកំពូលទាំងផ្នែកស្មាតហ្វូន និងថេប្លេតនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ បន្ថែមពិនេះ ក្រុមហ៊ុននេះក៏មានចំនែកទីផ្សារធំនៅអ៊ឺរ៉ុបជាមួយនឹងស្មាតហ្វូនបត់បានរបស់ខ្លួនប្រជែងជាមួយនឹង Samsung ថែមទៀត។ សម្រាប់ពេលនេះ ស្មាតហ្វូន Magic V5 នៅតែបន្តក្នុងការទទួលការចាប់អារម្មណ៍នៅក្នុងទីផ្សារសកលដោយសារតែរូបរាងស្លីម និងមុខងារថ្មីៗពិសេសៗរបស់វា៕
