ថ្មីៗនេះ បន្ទាប់ពីបច្ចេកវិទ្យាជំនាន់ក្រោយ 5G Network ទើបតែបង្ហាញខ្លួននៅលើទីផ្សារនោះ ក្រុមហ៊ុន LG Electronics បាននឹងកំពុងតែចាប់ផ្តើមនៅក្នុងការការបោះជំហានបន្ទាប់ទៅលើបច្ចេកវិទ្យា 6G ដើម្បីក្តោបយកទីផ្សារនៅឆ្នាំក្រោយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បាននិយាយកាលថ្ងៃទី 28 ខែមករានេះថា ខ្លួនចាប់ផ្តើមនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍសម្រាប់បច្ចេកវិទ្យា 6G ដោយបានរួមគ្នាជាមួយនឹងសាកលវិទ្យាល័យកំពូលរបស់កូរ៉េ KAIST។

ដៃគូទាំងពីរនេះ នឹងបើកដំណើរការនូវមជ្ឈមណ្ឌលស្រាវជ្រាវ 6G R&D center របស់ខ្លួននៅក្រោមវិទ្យាស្ថាន KAIST Institute ដែលជាស្ថាប័នស្រាវជ្រាវដែលបង្កើតឡើងដោយសាកលវិទ្យាល័យមួយនៅក្នុងឆ្នាំ 2006 នៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាជាច្រើនកម្រិតខ្ពស់នេះនៅក្នុងវិស័យឧស្សាហកម្មជាច្រើននោះ។ វិទ្យាស្ថាននេះ ត្រូវបានគេទទួលស្គាល់សម្រាប់ការចូលរួមចំណែករបស់ខ្លួននៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាបណ្តាញជំនាន់ក្រោយជាច្រើនចាប់តាំងពីឆ្នាំ 2016 មក។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ R&D center នេះ គឺដឹកនាំដោយលោក Cho Dong-ho ដែលជាសាស្រ្តាចារ្យផ្នែកវិស្វកម្មអគ្គិសនីនៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យានេះ។ លោក Cho បាននិយាយថា “ការបើកដំណើរការនូវមជ្ឈមណ្ឌលនេះ គឺមានអត្ថន័យសំខាន់ណាស់ដែលថា ខ្លួននឹងធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់ 6G network technologies ហើយវានឹងជួយបង្កើនទៅលើការប្រកួតប្រជែងទៅលើឧស្សាហកម្មទូរគមនាគមន៍ទសវត្សន៍ក្រោយនេះ។ ឧស្សាហកម្មទូរគមនាគមន៍សកល នៅមិនទាន់មានការគិតគូរជាលក្ខណៈពិសេសនៅឡើយទេ សម្រាប់បណ្តាញបច្ចេកវិទ្យា 6G network នៅក្នុងតម្រូវការបច្ចេកទេសដូចជាល្បឿន និងហ្វេ្រកង់នោះ។

ជាមួយនឹងការចាប់ផ្តើមនូវមជ្ឈមណ្ឌល 6G នេះ ក្រុមហ៊ុន LG បាននិយាយថា ខ្លួននឹងព្យាយាមក្នងការបង្កើតនូវអ្នកជំនាញនៅក្នុងផ្នែកទូរគមនាគមន៍នេះ និងការទិញយកប៉ាតង់ដែលពាក់ព័ន្ធជាច្រើនទៀត។ ចាប់ពីឆ្នាំ 2012 ដល់ឆ្នាំ 2016 នោះ ក្រុមហ៊ុន LG គឺទទួលបានប៉ាតង់នៃបច្ចេកវិទ្យា 4G network technology នៅក្នុងចំនួនច្រើនជាងគេបំផុត ហើយខ្លួនក៏បន្តការពង្រីកសក្តានុពលទៅដល់ការងារនៅក្នុងវិស័យរថយន្តស្វ័យប្រវត្តិនៅក្នុងទីផ្សារពិភពលោកផងដែរ៕
