ស្វែងរកពួកយើង:

ក្រុមហ៊ុន Nio សម្រេចបានការផលិតរថយន្តដល់ទី 1 លានគ្រឿងនៅក្នុងរោងចក្រ Xinqiao Second Factory

ដោយ

Koun Jab Luffy

08 មករា 2026 10:31 ព្រឹក

អាន 3 នាទី

Article image
កាលពីថ្ងៃទី 6 ខែមករា ឆ្នាំ 2026 ថ្មីៗនេះ ក្រុមហ៊ុន Nio បានប្រកាសថា រថយន្តទីមួយលានគ្រឿងរបស់ខ្លួនបានរំកឹលចេញពីខ្សែសង្វាក់ផលិតកម្មនៅរោងចក្រ Nio Advanced Manufacturing Xinqiao Second ក្នុងទីក្រុង Hefei ខេត្ត Anhui ប្រទេសចិន។ Nio បានរាយការណ៍ថា ការនាំចេញរថយន្តរបស់ខ្លួនក្នុងឆ្នាំ 2025 បានឈានដល់ 326,028 គ្រឿង កើនឡើង  46.9% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្កើតកំណត់ត្រាប្រចាំឆ្នាំថ្មីមួយរបស់ក្រុមហ៊ុន។
លោក Li Bin ដែលជាស្ថាបនិក ជាប្រធាន និងជានាយកប្រតិបត្តិរបស់ Nio បានគូសបញ្ជាក់ពីផែនការរបស់ក្រុមហ៊ុន ដោយលោកបានបញ្ជាក់ថា ក្រុមហ៊ុន Nio នឹងថែរក្សាកំណើននៃលក់ប្រចាំឆ្នាំពី 40% ទៅ 50% និងពង្រីកស្ថានីយ៍សាកថ្ម និងប្តូរថ្មរបស់ខ្លួនដល់ជាង 10,000 កន្លែងនៅឆ្នាំ 2030។ បើគិតត្រឹមដើមខែមករា ឆ្នាំ 2026 ក្រុមហ៊ុន Nio បានដំណើរការស្ថានីយ៍ប្តូរថ្មចំនួន 3,682 កន្លែង និងចំនុចស្ថានីយ៍សាកថ្មចំនួន 4,860 កន្លែង។ ដែលស្ថានីយ៍ប្តូរថ្មជំនាន់ទីប្រាំ ដែលសាកសមនឹងម៉ូដែល Nio, Onvo និង Firefly ត្រូវបានគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ  2026 នេះ ដែលមានគោលដៅក្នុងការសាងសង់ឲ្យបានយ៉ាងហោចណាស់ 1,000 កន្លែងផងដែរ។
Article image
លោក Li Bin ក៏បានគូសបញ្ជាក់ពីការរំពឹងទុកថា ទីផ្សារប្រើប្រាស់រថយន្តអគ្គិសនីកាន់តែមានភាពទូលំទូលាយសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ដោយលោកបានព្យាករណ៍ថា នៅត្រឹមឆ្នាំ 2030 ការជ្រៀតចូលទីផ្សាររថយន្តថាមពលថ្មី (NEVs) របស់ប្រទេសចិននឹងលើសពី 90% ដោយរថយន្តអគ្គិសនីសុទ្ធមានចំនួនជាង 80% នៃការលក់។ លោក Li បានសង្កត់ធ្ងន់លើប្រសិទ្ធភាពប្រតិបត្តិការថាមានសារៈសំខាន់ចំពោះការប្រកួតប្រជែងរយៈពេលវែងនៅក្នុងវិស័យរថយន្ត។ ក្រុមហ៊ុន Nio នឹងបន្តផ្តោតលើការពង្រីកទីផ្សារសម្រាប់រថយន្តកម្រិតមធ្យមទៅកម្រិតខ្ពស់ (mid- to high-end large), ពង្រីកបណ្តាញលក់ទៅកាន់ទីក្រុងតូចៗ និងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាក និងប្តូរថ្មបន្ថែមទៀត។
Article image
ក្នុងត្រីមាសទី 4 នៃឆ្នាំ 2025 កន្លងទៅ Nio បានធ្វើការចែកចាយរថយន្តចំនួន 124,807 គ្រឿង កើនឡើង 71.7% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដោយម៉ាកយីហោទាំងបី (Nio, Onvo, Firefly) សម្រេចបានកំណត់ត្រាចែកចាយប្រចាំត្រីមាសរៀងៗខ្លួន។ ហើយដើម្បីពង្រឹងអាជីវកម្ម និងលំនឹងទីផ្សាររថយន្តរបស់ខ្លួន ថ្មីៗនេះ Nio បានចុះកិច្ចព្រមព្រៀងដៃគូសហការជាមួយនឹងក្រុមហ៊ុន Chery, JAC Motors និងLongsys Semiconductor ដើម្បីជម្រុញការអភិវឌ្ឍន៍បង្កើតវេទិកាច្នៃប្រឌិត និងកិច្ចសហការឧស្សាហកម្មរថយន្តនៅខេត្ត Anhui ដោយគាំទ្រដល់ការចែករំលែកបច្ចេកវិទ្យាក្នុងស្រុក និងការសម្របសម្រួលដល់ផ្នែកឧស្សាហកម្មយានយន្ត។
Article image
ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន  Nio ក៏មានកិច្ចសហប្រតិបត្តិការជាសកលផងដែរ ក្នុងនោះរួមមានទីស្នាក់ការកណ្តាលកម្រិតអន្តរជាតិនៅក្នុងទីក្រុងសៀងហៃ និងទីក្រុង Hefei ប្រទេសចិន, មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធី (R&D) សកលនៅទីក្រុងប៉េកាំង, រោងចក្រផលិតប្រព័ន្ធបើកបររថយន្តអគ្គិសនីនៅខេត្តណានជីន ហើយនិងផ្នែកថាមពលនៅទីក្រុង Wuhan រួមនឹងមជ្ឈមណ្ឌលផ្នែកឌីស្សាញ និងនវានុវត្តន៍នៅប្រទេសអាល្លឺម៉ង់ជាដើម៕
ក្រុមហ៊ុន Nio សម្រេចបានការផលិតរថយន្តដល់ទី 1 លានគ្រឿងនៅក្នុងរោងចក្រ Xinqiao Second Factory