ស្វែងរកពួកយើង:

ខ្នងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series ត្រូវបានទម្លាយចេញហើយ

ដោយ

Koun Jab Luffy

07 តុលា 2025 08:07 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ ក្រុមហ៊ុន Huawei គឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មី  Mate 80 series ហើយស្របពេលដែលការបែកធ្លាយថ្មីចុងក្រោយបំផុតនេះ ក៏បានទម្លាយអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។ តាមរយៈរូបភាពជាច្រើនដែលគេឃើញនៅលើ Weibo បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Mate 80 នឹងមានការឌីស្សាញជាមួយនឹងម៉ូឌុលកាមេរ៉ាក្រោយមានរាងមូល។ ប្រភពខាងលើនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានម៉ូដែល Mate 80, Mate 80 Pro, Mate 80 Pro+ និង Mate 80 RS។
នៅក្នុងម៉ូឌុលកាមេរ៉ានៅលើស្មាតហ្វូននេះ គឺនឹងមានការញាត់សិនស័រកាមេរ៉ាចំនួន 3 ដែលតម្រៀបគ្នា ជារាងត្រីកោណនិងមានអមជាមួយនឹងអំពូល LED, Lasers និង Sensors។ សម្រាប់វត្តមានស្មាតហ្វូននេះ ក្រុមហ៊ុន Huawei នឹងបំពាក់នូវបន្ទះឈីបថ្មី Kirin 9030 តែនៅលើស្មាតហ្វូនម៉ូដែល Pro, Pro+ និង RS និងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 100W wired charging ខណៈស្មាតហ្វូន Mate 80 អាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9020 ជាមួយនឹង 66W charging ប៉ុណ្ណោះ។ ស្មាតហ្វូនទាំងនេះ ក៏បំពាក់នូវបច្ចេកវិទ្យា 5G connectivity ផងដែរ។
បើមើលទៅលើកាមេរ៉ានោះ ស្មាតហ្វូនជំនាន់ថ្មី Mate 80 នេះ នឹងមានសិនស័រគោលទំហំ 50MP 1/1.5-អ៊ីង ខណៈពេលដែល Pro គឺបំពាក់នូវសិនស័រ 1/1.3-អ៊ីង។ សម្រាប់ស្មាតហ្វូន Pro+ និង RS គឺប្រើប្រាស់នូវសិនស័រ SmartSens 590 ថ្មីរបស់ក្រុមហ៊ុន Huawei ដែលមាន 50MP ជាមួយនឹងកម្រិត 1/1.3-អ៊ីង ដោយអាចការបង្កើនទៅលើសមត្ថភាពនៃការថតនៅកន្លែងដែលមានពន្លឺទាប។
Article image
ស្មាតហ្វូន Mate 80 RS ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ទំហំ 6.9-អ៊ីង dual-layer OLED ហើយក្រុមហ៊ុន Huawei ក៏នឹងបំពាក់នូវគែម Titanium Alloy Frames និងកញ្ចក់សេរ៉ាមិចនៅខាងក្រោយស្មាតហ្វូននេះដូចគ្នា។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនូវ HarmonyOS NEXT។ ស្មាតហ្វូន Huawei Mate 80 series នេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះ៕