ស្វែងរកពួកយើង:

គំរូរចនារូបរាងថ្មីរបស់ iPhone SE4 បានបង្ហាញពីការបំពាក់អេក្រង់ថ្មី និងលែនកាមេរ៉ាក្រោយថ្មី

ដោយ

Koun Jab Luffy

12 កុម្ភៈ 2025 07:41 ព្រឹក

អាន 2 នាទី

Article image
Apple នឹងមានការប្រកាសចេញ iPhone SE ជំនាន់ថ្មីគឺ SE4 នៅក្នុងសប្តាហ៍នេះ ដោយ SE ជំនាន់ថ្មីនេះត្រូវបានគេនិយាយថា មានការផ្លាស់ប្តូរថ្មីទៅលើការរចនារូបរាងខុសពីជំនាន់មុន។ iPhone SE4 នឹងខ្ចីការរចនារូបរាងពីម៉ូដែល iPhone 14 ជាមួយការបំពាក់អេក្រង់ Notch Screen គាំទ្រមុខងារ Face ID ជំនួសប៊ូតុង Touch ID ជាដើម។
iPhone SE4 នឹងមានការផ្លាស់ប្តូរការប្រើប្រាស់អេក្រង់ថ្មីទាំងស្រុងពីជំនាន់ SE 2022 ដោយជំនាន់ថ្មីនេះ គឺនឹងបំពាក់អេក្រង់លាតពេញគែមដូចគ្នានឹង iPhone 14 ជាមួយទំហំ 6.1-inch ធំជាងជំនាន់ SE 2022 ដែលមានទំហំ 4.7-inch។ iPhone SE4 ក៏នឹងមានជម្រើសបីពណ៌ផងដែរ ដួចជាពណ៌ខ្មៅ ស និងក្រហម។
Article image
នៅផ្នែកកាមេរ៉ាវិញ ក៏នឹងមានការរៀបចំការរចនាបែបថ្មីផងដែរជាមួយការបំពាក់សែនស័រកាមេរ៉ាមួយគ្រាប់ និងអំពូល LED Flash មួយគ្រាប់។ កាមេរ៉ាមួយគ្រាប់របស់ SE4 ត្រូវបានគេដឹងថា មានទំហំ 48MP ដែលសែនស័រនេះ គឺមានសមត្ថភាពដូចគ្នានឹងសែនស័រកាមេរ៉ា iPhone 16 ដែរ គឺអាចផលិតសាច់រូបភាពបានក្នុងទំហំ 24MP។
Article image
ហើយសម្រាប់ល្បឿនដំណើរការសែនស័រកាមេរ៉ា គឺនឹងមានភាពលឿនរហ័សដោយសារតែ iPhone SE4 នឹងប្រើប្រាស់បន្ទះឈីប A18 ដែលប្រើនៅលើ iPhone 16 និង iPhone 16 Plus ហើយ SE ជំនាន់ថ្មីក៏នឹងគាំទ្រមុខងារប្រើប្រាស់ឆ្លាតវៃ Apple Intelligence ថែមទៀតផង។ iPhone SE4 នឹងក្លាយជា Compact iPhone សម្រាប់ឆ្នាំ 2025 ដែលមានការរចនាបែបថ្មីជាមួយការបំពាក់នូវសមត្ថភាពប្រើការខ្លាំង និងមុខងារប្រើប្រាស់ទំនើបឆ្លាតវៃ ព្រមទាំងមានតម្លៃសមរម្យផងដែរ៕