ស្វែងរកពួកយើង:

គំរូរថយន្តស៊េរីថ្មី Xiaomi SUV-EREV ត្រូវបានគេប្រទះឃើញជាលើកដំបូង

ដោយ

Koun Jab Luffy

23 វិច្ឆិកា 2024 01:23 រសៀល

អាន 3 នាទី

Article image
រថយន្តម៉ូដែលទីបីរបស់ក្រុមហ៊ុន Xiaomi ដែលជាប្រភេទ SUV-EREV ត្រូវបានគេប្រទះឃើញលើកដំបូងនៅក្នុងប្រទេសចិន។ រថយន្តស៊េរីថ្មីប្រភេទ Crossover SUV មួយនេះ ត្រូវបានគេដឹងថាមានលេខកូដសំគាល់ថា N3។ Xiaomi N3 SUV នឹងក្លាយជាគូប្រជែងទីផ្សារថ្មីជាមួយរថយន្ត Huawei Aito M9 និង Li Auto L9 SUV។
រូបភាពនៃរថយន្តគំរូស៊េរីថ្មីរបស់ Xiaomi ត្រូវបានគេថតបានកាលពីថ្ងៃទី 20 ខែវិច្ឆិកានេះ និងត្រូវបានគេធ្វើការចែកចាយនៅលើបណ្តាញសង្គមរបស់ប្រទេសចិន។ Xiaomi ត្រូវបានគេដឹងថា នឹងធ្វើការប្រកាសចេញរថយន្តម៉ូដែលទីបី ដែលជាប្រភេទរថយន្ត Full-side SUV នៅក្នុងឆ្នាំ 2026។
បើតាមរូបភាពដែលមានការបិទបាំងដោយក្រណាត់បង្ហាញឲ្យឃើញថា Xiaomi N3 មានការរចនាតួរខ្លួនជារាង A-pillars និងមានដំបូលរាបស្មើរ។ ហើយនៅផ្នែកចំហៀង ឃើញមានបំពាក់ដោយយ៉ាន់កង់ដែលមានកាំប្រាំ ឬ 5-Spokes rim និងកញ្ចក់មើលក្រោយមានទំហំតូច។
បើតាមទំហំរបស់រថយន្ត ត្រូវបានគេជឿជាក់ថា Xiaomi N3 គឺជារថយន្ត Large-side SUV ដែលមានកៅអីបីជួរ។ យ៉ាងណាមិញ ក្នុងរូបភាពរថយន្តនេះ មិនឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR នៅលើដំបូលនោះទេ។ Xiaomi ត្រូវបានគេដឹងថាទៀតថា នឹងផលិតរថយន្តម៉ូដែលទីបីរបស់ខ្លួនជាប្រភេទ Extended Range electric Vehicle ឬ EREV។ ប៉ុន្តែ មិនទាន់មានព័ត៌មានលម្អិតទាក់ទងនឹងលក្ខណៈសម្បត្តិរបស់រថយន្តថ្មីនេះនោះទេ។
បើតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា Xiaomi ទំនងជានឹងប្រើនូវប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានអនុភាពខ្លាំងជាងម៉ូទ័រ V6s និង V8s ជាមួយប្រព័ន្ធថាមពលភ្លើង 800V high voltage ដែលផលិតដោយ Xiaomi ខ្លួនឯផ្ទាល់ ខណៈម៉ូដែល EREV ជាធម្មតាអាចនឹងគាំទ្រនូវប្រព័ន្ធភ្លើងកំលាំង 400V System។
ហើយរថយន្តស៊េរីថ្មីនេះ ក៏អាចនឹងដំណើរការដោយប្រព័ន្ធ rear-wheel-steering system។ សូមបញ្ជាក់ថា រថយន្តប្រភេទ Extended rang electric vehicle ឬ EREV គឺមានភាពពេញនិយមក្នុងការប្រើប្រាស់នៅក្នុងប្រទេសចិន។ ដោយក្នុងនោះរថយន្តម៉ាក Li Auto និង Aito កំពុងមានប្រជាប្រិយភាពខ្លាំងផងដែរនៅក្នុងទីផ្សាររថយន្តមួយនេះ។
គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ 2024 ក្រុមហ៊ុន Li Auto លក់រថយន្តបានចំនួន 393,257 គ្រឿង និងម៉ាក Aito លក់បានចំនួន 351,663 គ្រឿង។ ក្រុមហ៊ុន Xiaomi ត្រូវបានគេ ព្យាករណ៍ថា អាចនឹងក្លាយជាមួយដែលឈានមុខគេក្នុងទីផ្សាររថយន្ត SUV-EREV។
Article image
បច្ចុប្បន្ន Xiaomi កំពុងជោគជ័យខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីជាមួយម៉ូដែលដំបូង SU7 Series ដោយបានផលិត និងនាំចេញបានចំនួន 100,000 គ្រឿង ក្នុងរយះ 230 ថ្ងៃនៃការចេញលក់។ ហើយ Xiaomi ក៏មានគម្រោងជម្រុញការលក់ និងការនាំចេញ SU7 Series ឲ្យបានដល់ 130,000 គ្រឿងនៅមុនដំណាច់ឆ្នាំ 2024 នេះ៕
គំរូរថយន្តស៊េរីថ្មី Xiaomi SUV-EREV ត្រូវបានគេប្រទះឃើញជាលើកដំបូង