ស្វែងរកពួកយើង:

គំរូរថយន្តអគ្គិសនី Isuzu D-Max BEV ដែលមានកំលាំង 176 សេះ ជាមួយកំលាំងរមូល 325Nm នឹងមកដល់នៅក្នុងឆ្នាំ 2025

ដោយ

Koun Jab Luffy

21 មីនា 2024 09:14 ព្រឹក

អាន 3 នាទី

Article image
នៅមុនការបង្ហាញវត្តមាននៅក្នុងព្រឹតិ្តការណ៍ពិព័រណ៌នៅទីក្រុងបាងកកប្រទេសថៃ (2024 Bangkok International Motor Show) គំរូរថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Isuzu ម៉ូដេល D-Max BEV ត្រូវបានបង្ហាញវត្តមានតាមរយះការធ្វើសន្តិសិទ្ធមួយ ដោយមានការបង្ហាញនៅប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗមួយចំនួនថែមទៀតផង។ គំរូរថយន្តអគ្គិសនីសុទ្ធ D-Max BEV របស់ Isuzu ត្រូវបានបង្ហាញវត្តមានដំបូងនៅចុងឆ្នាំ 2023 ហើយនៅពេលនេះកាលបរិច្ឆេទនៃការមកដល់របស់រថយន្តអគ្គិសនីស៊េរីថ្មីមួយនេះត្រូវបានបញ្ជាក់ជាផ្លូវការណ៍។
ដោយឈរនៅលើនៅលើរូបរាងដូចគ្នានឹង Isuzu D-Max បច្ចុប្បន្ន គំរូរថយន្តអគ្គិសនីថ្មី Isuzu D-Max BEV មានការរចនាផ្នែកខាងមុខបិតជិត ឬហៅថា closed-off front grille និងមានរំលេចជាមួយផ្នែកក្រូមពណ៌ខៀវដែលយើងឃើញមានសឹងតែគ្រប់រថយន្តអគ្គិសនី។ ចំនែកយ៉ានកង់វិញឃើញថាមានការឌីស្សាញបានយ៉ាងប្រណិតដោយមានពណ៌ខ្មៅ រំលេចជាមួយពណ៌ខៀវបន្តិច ហើយកញ្ចក់មើលក្រោយត្រូវបានរចនាឡើងជាមួយក្តោបពណ៌ខ្មៅ។ គំរូរបស់ Isuzu D-Max BEV មើលទៅគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងគំរូរថយន្តអគ្គិសនី Toyota Hilux BEV។
Article image
ហើយជាមួយគំរូរថយន្ត D-Max BEV នេះ Isuzu ក៏បានចែករំលែកនូវលក្ខណៈបច្ចេកទេសមួយចំនួនដែលមាននៅលើរថយន្តស៊េរីថ្មីនេះផងដែរ ដូចជា ដំណើរការដោយប្រើប្រព័ន្ធទាញកង់ទាំងបួន ឬ Four-Wheel-drive (4WD) ជំនួសឲ្យប្រព័ន្ធបង្វិលកង់ក្រោយ rear-wheel-drive (RWD) ដែល Toyota គ្រោងប្រើនៅលើ Hilux BEV។ ជាមួយប្រព័ន្ធ electric 4WD system នៅលើ D-Max BEV គឺទទួលបានការបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីថ្មី e-axles ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Isuzu ផ្ទាល់។
សម្រាប់បច្ចេកទេសមួយចំនួនទៀតដែលនឹងមានប្រើនៅលើ Isuzu D-Max BEV ដូចជាប្រព័ន្ធបើកបរ Full-time 4x4 System, កញ្ចប់អាគុយអគ្គិសនីប្រភេទ Lithium-Ion ទំហំ 66.9kWh, បំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីពីរផ្តល់ថាមពល 130kW ដោយម៉ូទ័រមុខមានកំលាំង 40kW និងម៉ូទ័រក្រោយមានកំលាំង 90kW ដែលធ្វើការរួមគ្នាផ្តល់នូវកំលាំងអូសបានដល់ 176Hp ជាមួយប្រព័ន្ធរមូល 325Nm ដោយម៉ូទ័រមុខមានកំលាំងរមូល 108Nm និងខាងក្រោមមានកំលាំងរមូល 217Nm។ Isuzu D-Max BEV អាចជាន់ល្បឿនបាន 130km/h និងអាចអូសសណ្តោងបាន 1,000 គីឡូក្រាម និងអាចផ្ទុកទំងន់នៅកន្ទុយក្រោយបានដល់ 3.5 តោន។
Isuzu D-Max BEV អាចនឹងបើកបរបានរយះចំងាយផ្លូវ 200 ទៅ ដល់ 300 គីឡូម៉ែត្រ ដែល្បឿននេះអាចទាបជាងម៉ូដែលរថយន្ត Maxus T90 EV ដែលជាប្រភេទរថយន្ត Pick-up Truck ដែលបំពាក់កញ្ចប់អាគុយ 88.55kWh ដែលអាចបើកបានដល់ 330km នៅពេលសាកថាមពលមួយពេញម្តង នេះបើតាមការបញ្ជាក់ពីស្ថាប័ន WLTP។
Article image
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Isuzu បានឲ្យដឹងថា D-Max BEV នឹងត្រូវបានប្រកាសចេញនៅក្នុងទីផ្សារបណ្តាប្រភេទក្នុងតំបន់អឺរ៉ុបមួយចំនួនដូចជា ប្រទេសន័រវេសនៅក្នុងឆ្នាំ 2025 ហើយក៏នឹងត្រូវបាននាំយកទៅកាន់ចក្រភពអង់គ្លេស អូស្ត្រាលី ថៃ និងប្រទេសផ្សេងទៀតដោយផ្អែកលើតម្រូវការទីផ្សារ និងទីផ្សារក្នុងប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សម្រាប់សាកថ្មរថយន្តអគ្គិសនីច្រើន។ ហើយសម្រាប់តម្លៃបឋមពេលនេះ Isuzu មិនបានបញ្ជាក់ឲ្យដឹងនៅឡើយទេ៕
គំរូរថយន្តអគ្គិសនី Isuzu D-Max BEV ដែលមានកំលាំង 176 សេះ ជាមួយកំលាំងរមូល 325Nm នឹងមកដល់នៅក្នុងឆ្នាំ 2025