
ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលត្រៀមធ្វើការប្រកាសចេញនៅឆ្នាំក្រោយនេះ ត្រូវបានគេរំពឹងថា នឹងមានការអាប់ដែតខ្លាំងប្រៀបធៀបជាមួយនិងម៉ូដែលមុន ប៉ុន្តែក៏មានការខកចិត្តទៅលើផ្នែកមួយចំនួនផងដែរ។ យោងតាមការបញ្ជាក់នៅលើវិញ្ញាបនបត្រថ្មីមួយបានបង្ហាញថា Galaxy S26 Ultra នឹងនៅតែបន្តប្រើប្រាស់នូវបច្ចេកវិទ្យាសាក 45W wired charging ដែលខុសគ្នាពីការលើកឡើងមុននេះថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវកម្លាំងសាក 60W។
ការលេចនូវបញ្ជីនេះ គឺត្រូវបានគេប្រទះឃើញនៅលើ Quality Certification Center របស់ប្រទេសចិន ដោយបញ្ជាក់ថា បច្ចេកវិទ្យានេះ នឹងមានការគាំទ្រដោយ 10V/4.5A ឬ 15V/3A charging ដែលដូចគ្នាជាមួយនិងស្មាតហ្វូន Galaxy S25 Ultra អញ្ចឹង។

ហើយបើមើលទៅលើម៉ូដែល Galaxy S26 Pro និង S26 Edge វិញ ក៏ត្រូវបានគេរាយការណ៌ថា ក៏នឹងបន្តប្រើប្រាស់នូវកម្លាំងសាក 25W charging ដដែលដូចគ្នា។ តែបើមើលទៅលើ iPhone 17 Pro វិញ ត្រូវបានគេមើលឃើញថា បានអាប់ដែតបច្ចេកវិទ្យាសាកឡើងដល់ 40W fast charging ហើយ ដែលនេះគឺជាវិវត្តន៌ថ្មីមួយទៀតរបស់ Apple។

ទាក់ទងជាមួយនិងព័ត៌មាននេះ បើមើលទៅលើគូរប្រជែងនៅក្នុងប្រទេសចិនដែលមានដូចជា Xiaomi, Vivo, Oppo និង OnePlus គឺសុទ្ធតែបានតម្លើងបច្ចេកវិទ្យាសាកដល់ 100W ឬក៏ខ្ពស់ជាងនេះទៀតផង។ បន្ថែមពីនេះ សម្រាប់ Samsung Galaxy S26 Ultra ក៏នៅតែបន្តប្រើប្រាស់ថ្មទំហំ 5,000mAh គឺមិនមានការផ្លាស់ប្តូរនោះទេ។ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូន Galaxy S26 series នៅខែមករាឆ្នាំ 2026 ខាងមុខនេះហើយ។
