ស្វែងរកពួកយើង:

ឆ្នាំក្រោយនេះការប្រកាសចេញ Galaxy S26 Series អាចនឹងមានការបង្ហាញវត្តមានម៉ូដែល Pro

ដោយ

Koun Jab Luffy

01 សីហា 2025 03:41 រសៀល

អាន 2 នាទី

Article image
យោងតាមការបង្ហើបព័ត៌មានកន្លងមក បានបង្ហាញថា ក្រុមហ៊ុន Samsung មានគម្រោងនៅក្នុងការផ្លាស់ប្តូរដ៏ធំមួយទៅលើស្មាតហ្វូន Galaxy S Series របស់ខ្លួន ដែលគ្រោងនឹងប្រកាសចេញនៅឆ្នាំក្រោយនេះ។ បើតាមការបញ្ជាក់នៅក្នុងបញ្ជីរបស់ GSMA ដែលត្រូវបានគេប្រទះឃើញដោយ SammyPolice បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួនជាស្មាតហ្វូន Galaxy S26 (SM-S942) ដែលពេលនេះ គឺស្ថិតនៅក្នុងបញ្ជីក្នុងឈ្មោះជាស្មាតហ្វូន Galaxy S26 Pro ដែលក្រុមហ៊ុនអាចនឹងបង្ហាញខ្លួននៅខែមករា ឆ្នាំ 2026 ខាងមុខនេះហើយ។
សូមជំរាបថា នៅលើ Firmware នេះ ក៏បានទម្លាយអំពីស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Pro។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានម៉ូដែល Galaxy S26 Pro, S26 Edge និង Galaxy S26 Ultra ប៉ុន្តែមិនទាន់ច្បាស់អំពីវត្តមានស្មាតហ្វូន S26 ឬ S26 Plus នោះទេ។ ប្រសិនបើនេះគឺជាការពិតនោះ វាហាក់ដូចជាក្រុមហ៊ុន Samsung អាចនឹងកែសម្រួលទៅលើស្មាតហ្វូន Flagship របស់ខ្លួន ដើម្បីអាចប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដូចជា iPhone 17 Pro ឬ Pixel 10 Pro។
Article image
គួរបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេ ដែលស្មាតហ្វូន Pro នឹងមានការ upgrade ទៅលើផ្នែកអ្វីខ្លះ។ មានការព្យាករណ៌ថា នឹងមានការផ្លាស់ប្តូរទៅលើផ្នែកជាច្រើន ក្នុងនោះមានដូចជាអេក្រង់កាន់តែប្រសើជាងមុន ថាមពលថ្មធំជាងមុន និងការពង្រឹងទៅលើកាមេរ៉ាកាន់តែខ្លាំងជាងមុន។
Article image
ជាមួយនិងម៉ូដែលថ្មីនេះដែរ បើមើលទៅលើស្មាតហ្វូនត្រកូល Edge របស់ក្រុមហ៊ុន Samsung កាលពីពេលមុននេះ គឺមានផ្តោតទៅលើការឌីស្សាញរូបរាងថ្មី ខណៈពេលដែលស្មាតហ្វូន Ultra គឺផ្តោតទៅលើផ្នែក Hardware។ ខណៈដែលស្មាតហ្វូន Plus មិនមានវត្តមាននោះ សម្រាប់វត្តាមានស្មាតហ្វូនម៉ូដែល Pro អាចនឹងមានការ upgrade កាន់តែប្រសើឡើងច្រើនបំផុត។ អ្នកគាំទ្រជាច្រើន រំពឹងថា ស្មាតហ្វូនជំនាន់ថ្មី 2026 flagship series របស់ក្រុមហ៊ុន Samsung នេះ នឹងមានការ Upgrade កាន់តែអស្ចារ្យជាងមុនទៅលើមុខងារ ប៉ុន្តែតម្លៃក៏អាចនឹងកើនឡើងខ្ពស់ជាងមុនផងដែរ៕