ស្វែងរកពួកយើង:

ញាក់សាច់! BYD ចេញឡានស្ព័រថ្មី កម្លាំងជិត 3,000 HP ខ្លាំងជាង Bugatti 3 ដង!

ដោយ

Koun Jab Luffy

20 សីហា 2025 07:54 ព្រឹក

អាន 2 នាទី

Article image
កាលពីជាង 20 ឆ្នាំមុន ឡាន Bugatti Veyron ត្រូវបានគេចាត់ទុកថាជាឡាន Hypercar ដែលមានកម្លាំងខ្លាំងបំផុត ជាមួយនឹងកម្លាំង 1,001 HP ដាក់លក់នៅលើទីផ្សារ។
រយៈពេល 20 ឆ្នាំក្រោយមក ឡានអគ្គិសនីបានក្លាយជាជើងខ្លាំងខាងកម្លាំងម្តង ដោយបច្ចុប្បន្ននេះ ឡានអគ្គិសនីម៉ូដែល Rimac Nevera R មានកម្លាំង 2,107 HP និង Lotus Evija កម្លាំង 1,972 HP ប៉ុន្តែកម្លាំងខ្ទង់ 2,000 HP មិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន BYD ឡើយ ដូច្នេះទើបពួកគេបញ្ចេញឡានថ្មី គឺ YangWang U9 Track Edition ដែលមានកម្លាំងសរុប រហូតដល់ទៅ 2,977 HP ឯណោះ។
Article image
ឡានអគ្គិសនីរបស់ចិនមួយនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន 4 ដោយក្នុងមួយម៉ូទ័រមានកម្លាំង 744 HP ធ្វើឲ្យកម្លាំងសរុបដែលអាចបង្កើតបានស្មើនឹង 2,976 HP ឬ 3,019 PS។ តួលេខនេះអាចនិយាយបានថា ជាកម្លាំងដ៏ខ្លាំងមហិមាមួយ សម្រាប់ឡានដែលអាចប្រើប្រាស់ស្របច្បាប់ នៅលើផ្លូវសាធារណៈ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន BYD នៅមិនទាន់បានបញ្ជាក់លម្អិតឡើយថា តើម៉ូទ័រអគ្គិសនីទាំង 4 នេះ នឹងអាចបញ្ចេញកម្លាំងទាំងអស់គ្រប់ពេល ឬ អ្នកបើកបរអាចកំណត់កម្លាំងរបស់វា សម្រាប់ប្រើនៅពេលចាំបាច់ណាមួយ ដើម្បីឲ្យការបើកបរប្រចាំថ្ងៃមានភាពងាយស្រួល។
គួរបញ្ជាក់ឲ្យដឹងដែរថា YangWang U9 Track Edition គឺមានការឌីហ្សាញដូចទៅនឹង YangWang U9 ម៉ូដែលធម្មតាដែរ គ្រាន់តែបានតុបតែងបន្ថែមនូវគ្រឿងគ្រូវមួយចំនួន ដើម្បីជួយដល់កម្រិត Aerodynamics និង Downforces របស់វា ដោយក្នុងនោះរួមមានទាំង ដំបូល Carbon Fiber, យ៉ាន់កង់ទំហំ 20 អ៊ីញ និងសំបកកង់ថ្មី ក៏ដូចជា កាង Spoiler និងកាង Diffuser ផ្នែកខាងក្រោយ ផងដែរ។
Article image
យ៉ាងណាមិញ ឡាន YangWang U9 Track Edition នេះ នឹងមានល្បឿន Top Speed ផ្លូវការត្រឹម 350 KM/H ប៉ុន្តែច្បាស់ណាស់ថា វាអាចរត់ល្បឿនលើសនេះទៅទៀត ព្រោះថា YangWang U9 ម៉ូដែលធម្មតា ដែលមានកម្លាំងត្រឹម 1,287 HP អាចរត់ដល់ល្បឿន Top Speed 391 KM/H ឯណោះ៕