ស្វែងរកពួកយើង:

ដោយមានតម្រូវការខ្ពស់! Apple ត្រៀមបង្កើនសង្វាក់ផលិតកម្មទៅលើ iPhone 17 Pro និង Pro Max ថែមទៀតហើយ

ដោយ

Koun Jab Luffy

03 តុលា 2025 07:31 ព្រឹក

អាន 2 នាទី

Article image
យោងតាមការវិភាគថ្មីមួយដែលចេញពីស្ថាប័ន investment bank Morgan Stanley បាននិយាយថា ដោយសារតែមានតម្រូវការខ្ពស់នាពេលនេះ ក្រុមហ៊ុន Apple គ្រោងនឹងធ្វើការបង្កើននូវសង្វាក់ផលិតកម្មទៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 17 Series របស់ខ្លួនកាន់តែច្រើនជាងមុន។ សម្រាប់ឆ្នាំ 2025 នេះ ការបញ្ជាទិញទៅលើស្មាតហ្វូននេះ អាចនឹងមានកើនឡើងពី 84 លានគ្រឿង ទៅ 86 លានគ្រឿង ហើយក្រុមហ៊ុនអាចនឹងបង្កើនដល់ 90 លានគ្រឿង។
ជាមួយនិងសង្វាក់ផលិតកម្មថ្មីនេះ គឺនឹងមានការផ្តោតខ្លាំងទៅលើម៉ូដែល iPhone 17 Pro និង iPhone 17 Pro Max ខណៈដែលតម្រូវការទៅលើម៉ូដែល iPhone Air ហាក់នៅមានចំនួនតិចនៅឡើយ ប្រៀបធៀបទៅនឹងព្យាករណ៌ទុកកន្លង។ ដូច្នេះប្រសិនបើនេះគឺជាការពិតនោះ ក្រុមហ៊ុន Apple ហាក់បីដូចជាដឹងច្បាស់ពីតម្រូវការរបស់ហ្វេនៗបរស់ខ្លួន ដោយសារតែគ្រប់ៗគ្នា គឺពិតជាមានការពេញចិត្តទៅលើម៉ូដែល Pro ឬ Pro Max ហើយពេលនេះ បើមើលទៅលើទីផ្សារជាច្រើននៅលើពិភពលោក គឺមានតម្រូវការខ្ពស់មែនទែនសម្រាប់ម៉ូដែលទាំងនេះ។
Article image
អ្នកវិភាគ Morgan Stanley បានបន្តថា តាមការព្យាករណ៌ទៅលើតម្រូវការនៃម៉ូដែលថ្មី iPhone 17 Series ថ្មីនេះ ភាគច្រើននៃអ្នកដែលជាវម៉ូដែលថ្មីៗនេះ គឺជាអ្នកដែលប្រើប្រាស់នូវ iPhones ចាស់ៗ ហើយតម្រូវការនេះ នឹងអាចមានច្រើនថែមទៀតនៅឆ្នាំក្រោយ។ តាមរយៈនៃការការមកដល់នៃម៉ូដែលថ្មីនេះ ក៏ជាសញ្ញាមួយល្អសម្រាប់វត្តមាន iPhone 18 Series រួមជាមួយនិងស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ក្រុមហ៊ុន Apple ដែលត្រៀមនឹងធ្វើការបង្ហាញចេញនៅឆ្នាំ 2026 ដូចគ្នា។
Article image
សូមជំរាបថា ក្រុមហ៊ុន Apple មានគោលដៅទៅលើការលក់ iPhone របស់ខ្លួនអោយបានចំនួន 243 លានគ្រឿងនៅឆ្នាំក្រោយនេះ ប៉ុន្តែសម្រាប់ការព្យាករណ៌នេះ បាននិយាយថា ការនាំចេញរបស់ Apple  នៅឆ្នាំក្រោយនេះ គឺអាចនឹងកើនដល់ទ 270 គ្រឿង ប្រសិនបើមានការបង្ហាញខ្លួនរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ Apple រួមជាមួយនិងមុខងារ Apple Intelligence អាចនឹងមកដល់តាមពេលវេលា និងស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។ តម្រូវការក៏អាចនឹងកើនឡើងជាងនេះទៀតផង។
ដោយមានតម្រូវការខ្ពស់! Apple ត្រៀមបង្កើនសង្វាក់ផលិតកម្មទៅលើ iPhone 17 Pro និង Pro Max ថែមទៀតហើយ