
កាលពី 2 សប្តាហ៌មុននេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Mate 70 series ដែលជាស្មាតហ្វូនថ្នាក់ប្រណិតនៅលើទីផ្សារប្រទេសចិន។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា មានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ស្របពេលជាមួយនិងការលក់ទៅលើ Mate 60 lineup មានការកើនឡើងខ្ពស់ផងនោះ នៅពេលនេះ ស្មាតហ្វូន Mate 70 Series ត្រូវបានគេរំពឹងថា ក៏នឹងមានការពេញនិយមមិនខុសពីជំនាន់់មុនផងដែរ។ យោងតាមរបាយការណ៌ចុងក្រោយនៅថ្ងៃនេះ បានបង្ហាញថា តម្រូវការខ្ពស់របស់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Huawei មួយនេះ បាននឹងកំពុងតែធ្វើអោយអ្នកផ្គត់ផ្គង់ធ្វើការថែមម៉ោងហើយ។
សូមជំរាបថា ស្មាតហ្វូន Huawei Mate 70 Series នេះ គឺមានការបង្ហាញខ្លួនជាមួយនិងជម្រើសច្រើនម៉ូដែលរួមមានដូចជា Mate 70, Mate 70 Pro, Mate 70 Pro+ និង Mate 70 RS Ultimate។ បើតាមការបញ្ជាក់ពីលោក He Gang ដែលជា CEO ផ្នែក consumer business group របស់ក្រុមហ៊ុន Huawei បានអោយដឹងថា សម្រាប់វត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei នៅពេលនេះ គឺមានការគាំទ្រខ្លាំងមែនទែន។ លោកបានបន្តថា អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសចិន គឺមានការគាំទ្រខ្លាំង ដោយគិតមកដល់ពេលនេះ ការកក់ទុកទៅលើស្មាតហ្វូន Mate 70 series នេះ គឺមានចំនួនកើនឡើងដល់ទៅ 6.7 លានគ្រឿងហើយ។

លោកបានបញ្ជាក់ថា តួរលេខខាងលើនេះ គឺជាការកក់ទុកប៉ុណ្ណោះ ក្រុមហ៊ុន Huawei នៅមិនទាន់បានទទួលកប្រាក់ពីអតិថិជនរបស់ខ្លួននៅឡើយទេ។ តែទោះជាយ៉ាងណា តាមរយៈនៃការកក់ទុកខាងលើនេះ អាចនិយាយបានថា ស្មាតហ្វូនថ្នាក់ប្រណិតបស់ក្រុមហ៊ុន Huawei នៅតែជាម៉ូដែលថ្មី មានការគាំទ្រ និងពេញនិយមដដែលពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។

ទាក់ទងនឹងរៀងនេះ បើតាមរបាយការណ៌ថ្មីចេញពីទីក្រុងប៉េកាំងតាមរយៈ PhoneArena បានបញ្ជាក់ថា នៅពេលនេះ ដោយសារតម្រូវការខ្ពស់ទៅលើ Huawei Mate 70 Series បានធ្វើអោយអ្នកផ្គត់ផ្គង់ធ្វើការថែមម៉ោងហើយ។ នៅពេលនេះបើទោះបីជាអ្នកវិភាគនានា និយាយថា តម្រូវការស្មាតហ្វូននេះ នឹងមានការធ្លាក់ចុះជាងជំនាន់មុនក៏ដោយ លោក He Gang បាននិយាយថា មកដល់ពេលនេះ តម្រូវការទៅលើស្មាតហ្វូនជំនាន់ថ្មី Mate 70 Series គឺមានការកើនឡើងខ្ពស់ ហើយសង្វាក់ផលិតកម្មទៅលើស្មាតហ្វូននេះក៏កំពុងតែមមាញឹកខ្លាំងទៀតផង។
