
vivo X Fold3 series ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញជាផ្លូវការនៅថ្ងៃទី 26 ខែមីនាខាងមុខនេះហើយ ដោយនៅក្នុងព្រឹត្តិការណ៌នេះ ក៏នឹងមានការបង្ហាញខ្លួនរបស់កាស TWS 4 buds រួមជាមួយនិងថេប្លេត vivo Pad3 Pro ផងដែរ។ បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន X Fold3 Pro នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេបំផុត ដែលមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 3។
នៅមុនការសម្ពោធជាផ្លូវការចូលមកដល់ នៅថ្ងៃនេះ មានអ្នកលេងបណ្តាញសង្គម X ដែលមានឈ្មោះថា @ZionsAnvin បានធ្វើការចែកចាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះហើយ ដោយក្នុងនោះ គឺមានការបញ្ជាក់ពីស្មាតហ្វូនដែលមានទំហំ 16GB+512GB គឺនឹងមានតម្លៃ CNY 13,999 ($1,945) ខណៈដែលស្មាតហ្វូនមានទំហំ 16GB+1TB មានតម្លៃ CNY 14,999 ($2,085)។

នៅលើរូបភាពដែលគេផ្សព្វផ្សាយថ្មីនេះ ក៏មានការបង្ហាញចេញនូវរូបភាពធ្វើបទបង្ហាញស្មាតហ្វូនអេក្រង់បត់បានថ្មី vivo X Fold3 series នៅក្នុងប្រទេសចិនផងដែរ។ សម្រាប់តម្លៃស្មាតហ្វូននេះ ដែលនឹងលក់នៅលើទីផ្សារសកល គឺអាចនឹងមានថ្លៃខុសគ្នា។ សូមជំរាបថា កន្លងមក ការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន vivo X Fold និង X Fold2 គឺមិនមានដាក់លក់នៅលើទីផ្សារក្រៅពីប្រទេសចិននោះទេ ប៉ុន្តែសម្រាប់វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន X Fold3 នៅពេលខាងមុខនេះ អាចនឹងមានលក់នៅលើទីផ្សារសកល។
