
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងប្រារព្ធព្រឹត្តិការណ៌ Galaxy Unpacked event នៅថ្ងៃទី 10 ខែកក្កដា ខាងមុខនេះហើយ ដែលកម្មវិធីនេះ នឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រេង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 និង Flip 6។ ក្រុមហ៊ុននេះក៏ត្រូវបានគេបញ្ជាក់ថា នឹងមានការបង្ហាញចេញនូវនាឡិកាឆ្លាតវៃ Galaxy Watch 7 series នៅក្នុងព្រឹត្តិការណ៌នេះផងដែរ។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានបញ្ជាក់ថា នាឡិកាឆ្លាតវៃនេះ គឺបានបង្ហាញវត្តមាននៅលើហាង Amazon Canada ហើយបន្ទាប់បានចុះបញ្ជីនៅលើវិបសាយ និងវិញ្ញាបនបត្រជាច្រើនរួចមក។
ផ្អែកលើការចុះនៅលើបញ្ជី Amazon នេះ ថែមទាំងបង្ហាញទៀតថា នាឡិកា Samsung Galaxy Watch 40mm BT នឹងមានទំហំ 128GB ហើយនិងមានការដាក់អោយប្រើប្រាស់នូវមុខងារ Activity Tracker, Alarm Clock និង Contactless Payments ជាដើម។ នាឡិកាឆ្លាតវៃនេះ គឺមានការភ្ជាប់ជាមួយនិងផលិតផលផ្សេងៗតាមបច្ចេកវិទ្យាប៊្លូធូស និងមានថ្មប្រភេទ lithium-ion battery ហើយនិងមានកញ្ចក់អេក្រង់ 40-millimeter screen។
បន្ថែមពីនេះនៅលើនាឡិកាឆ្លាតវៃនេះ គឺមានការបំពាក់នូវបន្ទះឈីប 3nm AP ដែលផ្តល់នូវសមត្ថភាពខ្ពស់ និងមានភាពរលូនថែមទៀតផង។ នៅលើនាឡិកានេះ ក៏មានការបំពាក់នូវសិនស័រ BioActiveSensor2 សម្រាប់វាស់ចង្វាក់បេះដូង នៅកំឡុងពេលហាត់ប្រាណ និងនៅពេលគេងផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ នៅលើ Galaxy Watch 7 ក៏នឹងមានការតម្លើងនូវ daily AI companion ដែលមានសមត្ថភាពផ្តល់នូវការប្រើប្រាស់ AI ទ្រទ្រង់ទៅលើការគេង ការហាត់ប្រាណ និងការទំនាក់ទំនងទៀតផង។ ជាមួយគ្នានេះ ក៏មានការដាក់បញ្ចូលនូវបច្ចេកវិទ្យា Galaxy AI smart reply ជំនួយដល់ការផ្ញើរសារនៅនាឡិកានេះផងដែរ
យោងតាមការបង្ហាញនៅលើបញ្ជីហាង Amazon នេះ ថែមទាំងមានការបញ្ជាក់ថា Samsung Galaxy Watch7 នឹងមានការប្រកាសចេញជាផ្លូវការនៅថ្ងៃទី 16 ខែកក្កដាខាងមុខនេះ ជាមួយតម្លៃ $358.55 CAD ដែលប្រហាក់ប្រហែល $299 USD។ ព្រឹត្តិការណ៌ Samsung Galaxy Unpacked event នៅថ្ងៃទី 10 ខែកក្កដា ខាងមុខនេះហើយ។
