
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានអោយដឹងថា សម្រាប់ឆមាសទី 2 ឆ្នាំ 2025 នេះ ក្រៅពីស្មាតហ្វូន Magic 8 series ក្រុមហ៊ុន Honor ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនជាច្រើនទៀតរបស់ខ្លួនផងដែរ។ តាមព័ត៌មានចុងក្រោយបំផុតចេញពីបណ្តាញសង្គមរបស់ចិន បានបង្ហើបថា ក្រុមហ៊ុន Honor ត្រៀមបញ្ចេញស្មាតហ្វូនជាច្រើនដែលក្នុងនោះមានស្មាតហ្វូន Magic Flagship ផងដែរ។
បើតាមអ្នកទម្លាយ DigitalChatStation ថ្មីនេះ ក៏ទើបតែចែករំលែកនូវ Roadmap របស់ស្មាតហ្វូន Honor ដែលត្រៀមបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំ 2025 នេះ។ អ្នកទម្លាយរូបនេះ បាននិយាយថា ក្រុមហ៊ុននេះ មានផលិតផលថ្មីៗជាច្រើនដែលនឹងបង្ហាញខ្លួនមុនដាច់ឆ្នាំនេះ។ នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងមានវត្តមានរបស់ស្មាតហ្វូន Magic 8 series ហើយ។ គូរបញ្ជាក់ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor ក៏ទើបតែទម្លាយស្មាតហ្វូននេះនៅលើ Weibo ផងដែរ ក្នុងនោះ ក៏មានការបង្ហាញអំពីភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់ស្មាតហ្វូននេះថែមទៀតផង។

ជាមួយគ្នានេះ ក្រុមហ៊ុន Honor ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាល Honor 500 Series នៅខែធ្នូឆ្នាំ 2025 ខាងមុខនេះផងដែរ។ សម្រាប់ស្មាតហ្វូន GT 2 អាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូននេះ ក៏ធ្វើការនៅលើស្មាតហ្វូនលេងហ្គេមថ្មីនេះ ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។ បន្ថែមពីនេះ ក្រុមហ៊ុន Honor ក៏អាចនឹងប្រកាសបង្ហាញស្មាតហ្វូនប្រភេទ Mini និង Ultra Flagship របស់ខ្លួនផងដែរ។

កាលពីពេលមុននេះ មានពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ស្មាតហ្វូន Honor Magic 8 Mini និង Magic 8 Ultra អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ។ ក្រៅពីស្មាតហ្វូន Honor Magic 8 នេះ ក្រុមហ៊ុននេះ នឹងមានការបង្ហាញនូវស្មាតហ្វូន Power 2 ដែលមានថាមពលថ្មទំហំដល់ទៅ 10,000mAh មិនធ្លាប់មាននៅក្នុងស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏ត្រៀមបញ្ចេញនូវថេប្លេត ស្មាតវ៉ច និងផលិតផលជាច្រើនទៀតផងដែរក្នុងពេលឆាប់ៗខាងមុខនេះ៕
