
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក OnePlus បានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី OnePlus 13 Series កាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះទទួលបានការចាប់អារម្មខ្លាំងដោយសារតែសមត្ថភាព និងតម្លៃរបស់ពួកកវា។ បើតាមការបញ្ជាក់ពី CEO របស់ OnePlus ប្រចាំនៅទីផ្សារប្រទេសចិនលោក Li Jie បានឲ្យដឹងថា OnePlus ទទួលបានការចាប់អារម្មខ្លាំងពីអ្នកប្រើប្រាស់ ដោយក្នុងរយះពេលត្រឹមតែ 30 នាទីនៃការចេញលក់ដំបូង OnePlus 13 លក់បានចំនួន 10 ម៉ឺនគ្រឿង។
OnePlus 13 គឺពិតជាមានតម្លៃល្អខ្លាំងមែនទែននៅទីផ្សារប្រទេសចិនដោយចាប់ផ្តើមពីតម្លៃខ្ទង់ប្រហែល $630 សម្រាប់ម៉ូដែលបំពាក់រ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB ដែលតម្លៃនេះ គឺខ្ពស់ជាងជំនាន់ OnePlus 12 ឆ្នាំមុនដែលមានតម្លៃខ្ទង់ប្រហែល $600 សម្រាប់គុណសម្បត្តិដូចគ្នានេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះរក្សាទម្រង់នៃការរចនារូបរាងខាងក្រៅប្រហាក់ប្រហែលគ្នានឹងជំនាន់មុនដដែល គ្រាន់តែបានបំពាក់បន្ទះឈីបថ្មី កាមេរ៉ាថ្មី និងបច្ចេកវិទ្យាថ្មីៗចុងក្រោយជាដើម។

OnePlus 13 បំពាក់នូវកំពូលឈីប Qualcomm Snapdragon 8 Elite និងដំណើរការដោយ Android 15 ស្រោបដោយផ្ទៃមុខកម្មវិធី OxygenOS 15។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាដែលមានសែនស័រទំហំ 50MP ចំនួន 4 គ្រាប់ ដោយនៅកាមេរ៉ាក្រោយចំនួន 3 គ្រាប់ (Main+ Ultrawide + telephoto) និងកាមេរ៉ាមុខជាប្រភេទ Wide lens។ ផ្ទៃមុខរបស់ OnePlus 13 ស្រោបដោយបន្ទះអេក្រង់ LTPO4 AMOLED Display ទំហំ 6.8-inch គាំទ្រកម្រិតបង្ហាញ 1440 x 3168px និងស្រោបដោយកញ្ចក់ការពារប្រភេទ Corning Gorilla Glass Victus។

OnePlus 13 មានថ្មទំហំធំដល់ 6,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 100W SuperVOOC តាមរយះឆ្នាំងសាកប្រភេទ USB-C រួមនិង Wireless Charge 50W AirVOOC ព្រមទាំងមានមុខងារ reverse wireless charge កំលាំង 10W ថែមទៀតផង។OnePlus នឹងនាំយកស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺ OnePlus 13 និង OnePlus 13R ទៅកាន់ទីផ្សារសកលនៅឆ្នាំ 2025។ ជាមួយគ្នានេះ ក៏មានលេចលឺព័ត៌មានថា OnePlus ក៏ត្រៀមធ្វើការប្រកាសចេញស្មាតហ្វូនម៉ូដែល Ace 3 ដែលបំពាក់បន្ទះឈីប Snapdragon 8 Gen 3 នៅ ខែធ្នូ ឆ្នាំ 2024 ផងដែរ៕
