
iQOO 13 series ដែលជាស្មាតហ្វូនថ្នាក់ប្រណិត Flagship របស់ក្រុមហ៊ុន iQOO ត្រូវបានគេទម្លាយថា នឹងមានការបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 នៅក្នុងឆ្នាំនេះ។ ខណៈពេលដែលក្រុមហ៊ុននេះ នៅមិនទាន់បញ្ចេញនូវព័ត៌មានលម្អិតអំពីស្មាតហ្វូននេះនៅឡើយនោះ មានការបែកធ្លាយព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះបណ្តើរៗហើយ។ ថ្មីៗនេះ យោងតាមអ្នកទម្លាយ Smart Pikachu ដែលបានបង្ហោះ Weibo នោះ គឺបានចែករំលែកនូវព័ត៌មានលម្អិតអំពីបច្ចេកវិទ្យាសាកថ្មលឿន និងថាមពលថ្មរបស់ស្មាតហ្វូន iQOO 13 នេះហើយ។
បើតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូន iQOO 13 ថ្មីនេះ គឺមានថាមពលថ្មទំហំ 6000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 120W charging។ ថាមពលថ្មនៅលើស្មាតហ្វូននេះ គឺមានការពង្រឹកបន្ថែមចំនួន 1000mAh ប្រៀបធៀបជាមួយស្មាតហ្វូន iQOO 12 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ខណៈពេលដែលបច្ចេកវិទ្យាសាកថ្មនៅលើស្មាតហ្វូននេះ គឺរក្សានៅដដែល។

បើមើលទៅលើព័ត៌មានលម្អតិទាំងនេះ ការបែកធ្លាយនេះ មិនបានទម្លាយអ្វីច្រើនទៀតនោះទេ។ យ៉ាងណាមិញ នៅក្នុងការបែកធ្លាយមុននេះ អ្នកទម្លាយនេះ បាននិយាយថា ស្មាតហ្វូនថ្មីនេះ គឺមានបន្ទះឈីប Snapdragon 8 Gen 4 SoC ជាមួយនឹង Oryon CPU cores និង NPU សម្រាប់មុខងារ AI ថែមទៀត។ ស្មាតហ្វូន iQOO 13 នេះនឹងមានប្រភេទ Standard និង Pro ថែមទៀត។ ស្មាតហ្វូន Standard មានកម្រិតភាពច្បាស់ 1.5K resolution ជាមួយនឹងអេក្រង់រាបស្មើ ហើយស្មាតហ្វូន Pro នេះមានអេក្រង់គែមកោងជាមួយនឹងកម្រិតភាពច្បាស់ 2K resolution ខ្ពស់ជាងមុននេះ។

មានការបែកធ្លាយថា ស្មាតហ្វូនទាំងពីរនេះ គឺមានអេក្រង់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung និងក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE ។ បើទោះបីជាវាមិនទាន់មានការទម្លាយអំពីពេលវេលាក្នុងការបង្ហាញនូវស្មាតហ្វូន iQOO 13 series នៅក្នុងការបែកធ្លាយនេះ ក៏ដោយនោះ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួនមុនការប្រកាសបង្ហាញនូវបន្ទះឈីប Snapdragon 8 Gen 4 នៅក្នុងខែតុលាឆ្នាំ 2024 នេះ៕
