
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន realme បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវស្មាតហ្វូន Neo7 Turbo នៅលើទីផ្សារក្នុងប្រទេសចិននាថ្ងៃទី 29 ខែឧសភាខាងមុខនេះហើយ។ ស្របពេលជាមួយនិងការចែកចាយព័ត៌មាននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ ក៏បានចែករំលែកនូវព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូនជំនាន់ថ្មីនេដូចគ្នា។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ គឺបានទម្លាយអំពីទំហំថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មលឿនរបស់ស្មាតហ្វូន realme Neo7 Turbo ។
ក្រុមហ៊ុន realme បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី realme Neo7 Turbo នេះ នឹងមានថាមពលថ្មទំហំធំដល់ទៅ 7,200mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 100W charging។ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់លម្អិតអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Neo7 Turbo នោះទេ។ ស្មាតហ្វូនថ្មីនេះ ចនឹងបំពាក់នូវបន្ទះឈីប Dimensity 9400e SoC ដែលបន្ទះឈីបនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន realme GT 7 ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី 27 ខែឧសភានេះ នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុន realme បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Neo7 Turbo នឹងមានកាមេរ៉ាគោលទំហំ 50MP, មានឈីប NFC onboard ហើយនិងមាន 2 ពណ៌ សម្រាប់ជ្រើសរើសថែមទៀតផង។ ស្មាតហ្វូននេះ ត្រូវបានគេទម្លាយថា គឺនិងបង្ហាញវត្តមានជាមួយជម្រើសច្រើនទំហំមានដូចជា 12GB/256GB, 12GB/512GB, 16GB/256GB និង 16GB/512GB ផងដែរ។
