
ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញនូវថេប្លេតជំនាន់ថ្មី Galaxy Tab S10 series ឆាប់ៗនេះហើយ ប៉ុន្តែមិនទាន់មានច្បាស់ថា នឹងធ្វើឡើងនៅថ្ងៃណាច្បាស់នោះទេ។ ទាក់ទងនឹងព័ត៌មាននេះ មានការទម្លាយថា Galaxy Tab S10 series នឹងបង្ហាញវត្តមាននៅឆ្នាំ 2025 ខាងមុខនេះហើយ។ គួរបញ្ជាក់ថា កាលពីពេលមុននេះ មានពាក្យចចាមអារ៉ាមបាននិយាយថា Galaxy Tab S10 Plus នឹងបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300។
នៅថ្ងៃនេះ មានការបង្ហាញថា ថេប្លេតជំនាន់ថ្មី Galaxy Tab S10 Series ត្រូវបានឆ្លងកាត់ការធ្វើតេស្តនៅលើបញ្ជី Samsung OTA server រួចហើយ ដែលនេះ អាចបញ្ជាក់ថា ថេប្លេតជំនាន់ថ្មី Galaxy Tab S10 Series បាននឹងកំពុងធ្វើតេស្តនៅលើស្បែកមុខកម្មវិធី One UI ហើយ។ ជាមួយគ្នានេះ នៅលើ Android Headlines ក៏បានបង្ហាញថា Galaxy Tab S10 Plus និង Tab S10 Ultra បង្ហាញវត្តមាននៅលើបញ្ជី Samsung OTA server ដូចគ្នា។ នៅលើបញ្ជីនេះ បង្ហាញថា Galaxy Tab S10 Plus មានលេខម៉ូដែល SM-X828x ខណៈដែល Tab S10 Ultra គឺមានលេខម៉ូដែល SM-X926x។ សម្រាប់ ម៉ូដែល “x” គឺមានលេខកូដប្រទេសនិមួយៗ។

នៅលើបញ្ជី Samsung OTA Server បានបង្ហាញថា ថេប្លេតជំនាន់ថ្មី Galaxy Tab S10 Plus មានលេខម៉ូដែល (X828USQUAXF5/X828UOYNOAXF5/X828USQUOAXF5)។ សម្រាប់ Galaxy Tab S10 Ultra មានលេខម៉ូដែល (X926BXXUOAXE6/X926BOXMOAXE6/X926BXXUOAXE6)។ សម្រាប់ម៉ូដែលមានអក្សរ “U” គឺនឹងមានលក់នៅលើទីផ្សារអាមេរិក និង “B” នឹងមានលក់នៅលើទីផ្សារសកល។ ចំពោះថេប្លេត Galaxy Tab S10 Ultra ដែលមានលេខម៉ូដែល SM-X926C និង SM-X926N ត្រូវបានគេបញ្ជាក់ថា នឹងដាក់លក់នៅលើទីផ្សារចិន និងប្រទេសកូរ៉េខាងត្បូង។

