ស្វែងរកពួកយើង:

ទំហំអេក្រង់របស់ iPhone 17 Series អាចនឹងការផ្លាស់ប្តូរទំហំថ្មីធៀបនឹងជំនាន់ iPhone 16 Series

ដោយ

Koun Jab Luffy

24 ធ្នូ 2024 11:30 ថ្ងៃត្រង់

អាន 3 នាទី

Article image
ឆ្នាំ 2024 នេះ Apple បានធ្វើការបញ្ចេញ iPhone 16 Pro Series ជាមួយការពង្រីកទំហំអេក្រង់ធំជាង iPhone 15 Pro Series ដែលចេញកាលពីឆ្នាំ 2023 បន្តិច ហើយនៅឆ្នាំក្រោយនេះ Apple ត្រូវបានគេរំពឹងថា ក៏នឹងមានការកែប្រែទំហំអេក្រង់របស់ iPhone 17 Series ផងដែរ។ បើយោងតាមប្រភពព័ត៌មានថ្មីចុងក្រោយនេះ បានបញ្ជាក់ថា iPhone 17  នឹងបង្កើនទំហំពី 6.1-inch ឡើងដល់ 6.3-inch ដូចគ្នានឹង iPhone 16 Pro បច្ចុប្បន្ន។
ចំនែកម៉ូដែលថ្មី iPhone 17 Air ដែលចូលមកជំនួសម៉ូដែល Plus នៅឆ្នាំក្រោយនេះ អាចនឹងមានទំហំអេក្រង់ 6.55-inch ឬ 6.6-inch ឬអាចដល់ 6.65-inch ដែលជាទំហំស្ថិតនៅចន្លោះទំហំអេក្រង់ iPhone 17 Pro និង iPhone 17 Pro Max។ ប្រភពបញ្ជាក់បន្ថែមទៀតថា ទំហំអេក្រង់របស់ iPhone 17 Air នឹងមានទំហំធំជាង iPhone 17 Pro ប៉ុន្តែ តូចជាងអេក្រង់ iPhone 17 Pro Maxហើយក៏តូចជាអេក្រង់របស់ iPhone 16 Plus បច្ចុប្បន្នដែលមានទំហំ 6.7-inch ផងដែរ។
ចំនែកអេក្រង់របស់ iPhone 17 Pro និង 17 Pro Max គឺរក្សាទំហំ 6.3-inch និង 6.9-inch ដូចជំនាន់ iPhone 16 Pro និង 16 Pro Max ដដែល គ្រាន់តែមានការផ្លាស់ប្តូរការរចនាបន្តិច ដោយក្នុងនោះរួមមានការការឌីស្សាញគែមអេក្រង់ស្តើងជាង និងទំហំឆក Dynamic Island តូចជាងមុនបន្តិច។ ជាមួយគ្នានេះ ក៏មានព័ត៌មានលេចលឺមកថា Apple ទំនងជានឹងប្រើប្រាស់ស៊ុមប្រភេទ Aluminum Frame ថ្មីជំនួសឲ្យស៊ុម Titanium Frame សម្រាប់ iPhone 17 Pro Series ផងដែរ។
បន្ថែមពីនេះនៅលើផ្ទៃខ្នងក្រោយរបស់ iPhone 17 Pro Series ក៏មានការកែប្រែរចនាបថថ្មីជាមួយការតម្រៀបកញ្ចប់កាមេរ៉ាថ្មីបែបផ្តេកទទឹងជិតគែមខាងលើ ជាមួយការរំលេចនៅផ្ទៃអាលុយមីញ៉ូមពាក់កណ្តាល និងកញ្ចក់ពាក់កណ្តាល ដោយមិនស្រោបជាមួយផ្ទៃកញ្ចក់ទាំងអស់នោះទេ។
iPhone 17 Series ទាំងអស់ដែលចេញនៅឆ្នាំក្រោយនេះ ក៏នឹងទទួលបាននូវបច្ចេកវិទ្យាអេក្រង់ ProMotion ដែលអនុញ្ញាតិឲ្យអេក្រង់អាចគាំទ្រនូវកម្រិតល្បឿន Refresh rate 120Hz ដូចៗគ្នា ដែលល្អបំផុតសម្រាប់ការប្រើប្រាស់អូសបញ្ជាមុខងារ និងកម្មវិធីប្រើប្រាស់លើអេក្រង់។
មុខងារ ProMotion 120Hz Refresh rate អាចជួយឲ្យអេក្រង់ iPhone 17 Series ទម្លាក់ល្បឿន refresh rate មកនៅត្រឹម 1Hz ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពលថ្ម ក៏ដូចជាការគាំទ្រនូវមុខងារ Always-on-Display នៅពេលអេក្រង់ចាក់សោរដើម្បីបង្ហាញសារ កាលបរិច្ឆេទ រូបភាពតាំងអេក្រង់ ក៏ដូចជាសាកជូនដំណឹងផ្សេងៗ ជាដើម។
សម្រាប់បច្ចេកវិទ្យាកញ្ចក់ការពារអេក្រង់វិញ Apple នឹងនៅតែបន្តប្រើស្រទាប់កញ្ចក់ការពារប្រភេទ Ceramic Shield ដូចជំនាន់មុនដដែល គ្រាន់តែ Apple បានបន្ថែមនៅបច្ចេកវិទ្យាថ្មីរបស់ខ្លួនហៅថា "super-hard anti-reflective layer" ដែលជួយកាត់បន្ថយចំណាំពន្លឺខាងក្រៅ និងធន់នឹងភាពកូសឆ្កូតបានប្រសើរជាងមុន។
Article image
គេមិនទាន់ច្បាស់ទេថា តើ Apple ពេលណាទើបប្តូរមកប្រើស្រទាប់ការពារអេក្រង់ Gorilla Glass Armor របស់ក្រុមហ៊ុន Corning ដូច Samsung ប្រើនៅលើ Galaxy S24 Ultra នោះទេ។ប៉ុន្តែ បើតាមការបញ្ជាក់ពី Apple ស្រទាប់កញ្ចក់ការពារ Ceramic Shield ដែលប្រើនៅលើ iPhone 16 Pro និង 16 Pro Max គឺមានភាពធន់នឹងការកកិតឆ្កូតប្រសើរជាង 2 ដង ធៀបនឹងស្រទាប់ការពារអេក្រង់របស់ស្មាតហ្វូនមួយចំនួន៕
ទំហំអេក្រង់របស់ iPhone 17 Series អាចនឹងការផ្លាស់ប្តូរទំហំថ្មីធៀបនឹងជំនាន់ iPhone 16 Series