
លោក He Xiaopeng ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន XPeng Motors ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Huawei គឺជាគូប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សាររបស់ប្រទេសចិន ហើយនេះ ក៏ជាក្រុមហ៊ុនដែលយើងអាចរៀនសូត្របានច្រើន។ នាយកប្រតិបត្តិរូបនេះ បាននិយាយថា ជនជាតិចិនគួរតែមានមោទកភាពទៅលើក្រុមហ៊ុននេះ នៅក្នុងការអភិវឌ្ឍទៅលើផលិតផលជាច្រើនដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតនៅគ្រប់ផ្នែកទាំងអស់។
លោក He Xiaopeng បាននិយាយពាក្យទាំងនេះ នៅក្នុងបទសម្ភាសន៍មួយនៅក្នុងខួបលើកទី 10 របស់ក្រុមហ៊ុន XPeng Motors។ នៅក្នុងការផ្តល់ការសម្ភាសន៍នេះ នាយកប្រតិបត្តិនេះ ក៏បាននិយាយទៅលើប្រធានបទជាច្រើនដូចជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ម៉ូដែល Large AI ដែលជាសេណារីយ៉ូ នៃការបើកបរប្រកបដោយភាពឆ្លាតវៃ និងជាច្រើនទៀតផងដែរ។
នៅក្នុងចំណោមសំណួរជាច្រើនដែលត្រូវបានសួរ ក៏មានការសួរអំពីឥទ្ធិពលរបស់ក្រុមហ៊ុន Huawei នៅក្នុងឧស្សាហកម្មរថយន្តផងដែរ។ បើទោះបីជាក្រុមហ៊ុននេះ មិនទាន់បានបោះជំហានចូលទៅក្នុងការផលិតរថយន្តឆ្លាតវៃក៏ដោយនោះ ក្រុមហ៊ុននេះ បានដើរតួយ៉ាងសំខាន់តាមរយៈការផ្តល់នូវដំណោះស្រាយកម្រិតខ្ពស់ទៅលើដៃគូផលិតរថយន្ត EV នេះ។
ជាការឆ្លើយតប នាយកប្រតិបត្តិរបស់ក្រុមហ៊ុន XPeng Motors បាននិយាយថា ក្រុមហ៊ុន Huawei អាចនឹងក្លាយជាដៃគូប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារ ហើយនេះ គឺជាក្រុមហ៊ុនដែលអ្នកអាចរៀនសូត្រអំពីក្រុមហ៊ុននេះ។ គាត់បាននិយាយថា ក្រុមហ៊ុន XPeng មានចំណងជាមួយនឹងក្រុមហ៊ុន Huawei ជាច្រើនឆ្នាំ ហើយក្រុមហ៊ុន ក៏បានជឿជាក់ទៅលើសមត្ថភាពនៃក្រុមហ៊ុន Huawei ។
លោក He Xiaopeng បាននិយាយថា “ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែលជនជាតិចិន គួរតែមានមោទកភាព។ នៅក្នុងនាមជាគូប្រកួតប្រជែងនោះ នេះគឺពិតជាគូប្រជែងដ៏ខ្លាំងក្លា ដែលយើងគួរតែរៀនបន្ថែមពីក្រុមហ៊ុននេះ។ ខ្ញុំហ៊ាននិយាយថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែលល្អបំផុតនៅក្នុងវិស័យ B2B។ ប៉ុន្តែ B2B នេះ ក៏មានការលំបាកផងដែរ។”

លោក Xiaopeng បាននិយាយថា ក្រុមហ៊ុន Huawei ធ្វើបានល្អនៅក្នុងការផ្គត់ផ្គង់ទៅលើដៃគូជាច្រើននៅក្នុងឧស្សាហកម្មរថយន្ត។ ក្រុមហ៊ុនផលិតរថយន្តនេះ បាននិយាយថា ក្រុមហ៊ុន XPeng Motors នឹងបន្តក្នុងការផ្តោតទៅលើលក្ខណៈសំខាន់ៗជាច្រើនទៀត ដើម្បីសម្រេចបាននូវសមិទ្ធិផលកាន់តែអស្ចារ្យជាងមុនថែមទៀតផង៕
