
ថ្មីៗនេះ ក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថា ទើបតែប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មី Honor Magic V Flip ដែលជាម៉ូដែលបត់បញ្ឈរថ្មីដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន។ យោងតាម លោក Zhao Ming នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor នាពេលថ្មីៗនេះ ក៏បានពិភាក្សាអំពីស្មាតហ្វូនបត់បានដំបូងបំផុត Honor Magic V Flip ក៏បានបង្ហើបអំពីវត្តមានរបស់ស្មាតហ្វូនថ្មីមួយទៀតនោះគឺ Magic V3 ផងដែរ។
នៅក្នុងកិច្ចប្រជុំមួយបន្ទាប់ពីការប្រកាសបង្ហាញនូវស្មាតហ្វូន Magic V Flip នេះ លោក Ming បានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 នេះ គឺស្ថិតនៅក្នុងការអភិវឌ្ឍ ហើយវានឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បាន ដែលមានមុខងារអស្ចារ្យជាច្រើនក្នុងការប្រើប្រាស់ថែមទៀតផង។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor រូបនេះ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Honor ទៅលើការច្នៃប្រឌិតថ្មីដែលក្រុមហ៊ុននេះ បានប្រើប្រាស់នៅលើស្មាតហ្វូន Magic V2 ដែលមានកម្រាស់ស្តើងបំផុតត្រឹមតែ 9.9mm។ បើមើលទៅលើស្មាតហ្វូនអេក្រង់បត់បាន Honor Magic V2 ដែលបានបង្ហាញខ្លួននៅក្នុងខែកក្កដាឆ្នាំ 2023 នេ គឺជាស្មាតហ្វូនបត់បានស្តើងដំបូងបំផុតរបស់ពិភពលោក ដែលនៅពេលដែលបើកគឺមានកម្រាស់ 4.7mm និងនៅពេលដែលបិទគឺមានកម្រាស់ 9.9mm។

សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 នេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ បើមើលទៅលើការបែកធ្លាយជាច្រើន បានបញ្ជាក់ថា ថាមពលថ្មរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងមានថាមពលថ្មច្រើនជាង 5,000mAh ហើយវាក៏នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ។ ស្មាតហ្វូន vivo X Fold 3 Pro នេះមានថាមពលថ្មទំហំ 5,700mAh cell ដែលនេះ គឺជាថាមពលថ្មធំបំផុតនៅក្នុងចំណោមស្មាតហ្វូនដែលអាចបត់បាន។ ស្មាតហ្វូន Magic V3 អាចនឹងបង្ហាញខ្លួននៅក្នុងខែកក្កដា នៅក្នុងប្រទេសចិន៕
