ស្វែងរកពួកយើង:

នាយកប្រតិបត្តិ Honor លោក Zhao Ming បញ្ជាក់ថា Honor អាចប្រកួតប្រជែងបានជាមួយ Huawei

ដោយ

Koun Jab Luffy

30 វិច្ឆិកា 2024 08:26 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Honor និង Huawei ទើបតែប្រកាសចេញនូវស្មាតហ្វូនលំដាប់ Flagship ថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ 2024 នេះហើយ ដោយម៉ាកយីហោទាំងពីរនេះ គឺមានការបំពាក់នូវលក្ខណៈសម្បត្តិ មុខងារប្រើប្រាស់ និងការឌីស្សាញរូបរាងថ្មីនៃស្មាតហ្វូនរបស់ខ្លួនប្រហាក់ប្រហែលគ្នាផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុន Honor ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិលោក Zhao Ming ក៏បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងមុតមាំអំពីការប្រកួតប្រជែងនៅលើទីផ្សារផងដែរ ជាពិសេសទៅលើស្មាតហ្វូន Mate 70 series របស់ក្រុមហ៊ុន Huawei នោះ។
នៅក្នុងការផ្សាយផ្ទាល់នៅលើ Weibo នោះ លោក Zhao Ming បានបង្ហាញអំពីការជឿជាក់នៃសមត្ថភាពរបស់ស្មាតហ្វូន Honor ដែលអាចប្រកួតប្រជែងបានជាមួយនឹងក្រុមហ៊ុន Huawei នៅក្នុងផ្នែកជាច្រើន មិនត្រឹមតែផ្តោតទៅលើការច្នៃប្រឌិតខ្ពស់នោះទេ។ លោក Zhao Ming បានគូសបង្ហាញអំពីការទទួលស្គាល់របស់ក្រុមហ៊ុន Honor ទៅលើបច្ចេកវិទ្យាជាច្រើនរបស់ក្រុមហ៊ុន Huawei ជាពិសេសនៅលើស្មាតហ្វូន Mate 70 series នោះ ប៉ុន្តែក្រុមហ៊ុន Honor គឺមានគោលដៅទិសដៅផ្សេងចាប់តាំងពីក្រុមហ៊ុននេះ បានផ្តាច់ខ្លួនជាក្រុមហ៊ុនឯករាជ្យ និងមានអត្តសញ្ញាណជាខ្លួនឯងរួចមក។
Article image
លោក Zhao Ming បញ្ជាក់ថា ក្រុមហ៊ុន Honor អាចប្រជែងបានជាមួយនឹងក្រុមហ៊ុន Huawei បាននៅលើទីផ្សារ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor រូបនេះ បាននិយាយថា ខ្លួននឹងធ្វើការប្រជែងជាមួយនឹងស្មាតហ្វូន Mate 70 Series ដែលក្រុមហ៊ុន Huawei អះអាងថា មានភាពខ្លាំងក្លាបំផុតមិនធ្លាប់មាននៅក្នុងត្រកូលស្មាតហ្វូន Mate នោះ។
Article image
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 នេះ គឺជាស្មាតហ្វូនដំបូងបំផុតដែលមានការឌីស្សាញជាមួយនឹង Smart Multi-Antenna នៅផ្នែកខាងក្រោយដើម្បីបង្កើនទៅលើសញ្ញាខ្លាំងជាងមុន។ ការចាប់ទៅលើ 5G ក៏មានការកើនឡើងដល់ទៅ 68% ដែលផ្តល់នូវល្បឿនលឿនជាងមុន និងស្ថេរភាពជាងមុនក្នុងការភ្ជាប់ទំនាក់ទំនងថែមទៀត។ បន្ថែមពីនេះ Mate 70 Series ក៏ជាស្មាតហ្វូន Wi-Fi 7 ដំបូងបំផុតរបស់ Huawei ដែលមានការទ្រទ្រង់ទៅលើ Wireless Technology ចុងក្រោយបំផុតសម្រាប់បង្កើនល្បឿននៃការតភ្ជាប់កាន់តែរលូនផងដែរ។
Article image
បើនិយាយអំពីតម្លៃវិញនោះ ស្មាតហ្វូនជំនាន់ថ្មី Mate 70 ទំហំ 12GB+256GB មានតម្លៃ 5499 យ៉ន់ ខណៈពេលដែលស្មាតហ្វូន Honor Magic 7 ទំហំដូចគ្នាមានតម្លៃត្រឹមតែ 4499 យ៉ន់។ ចំពោះស្មាតហ្វូន Mate 70 Pro ទំហំ 12GB+256GB មានតម្លៃ  6499 យ៉ន់ ខណៈពេលដែលម៉ូឌែល Honor Magic 7 Pro ទំហំដូចគ្នាមានតម្លៃ 5699 យ៉ន់។ ខណៈពេលដែលស្មាតហ្វូនរបស់ Huawei ប្រើប្រាស់នូវបន្ទះឈីប “Kirin 9020” នោះ ស្មាតហ្វូន  Honor Magic 7 series គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។ បើមើលទៅលើស្មាតហ្វូន Mate 70 Pro+ នៅលើ AnTuTu គឺមានពិន្ទុ 1,248,520 ខណៈពេលដែលបន្ទះឈីប Snapdragon 8 Elite វិញ គឺមានពិន្ទុលើសពី 3,000,000 នៅក្នុងការតេស្តនេះ៕
នាយកប្រតិបត្តិ Honor លោក Zhao Ming បញ្ជាក់ថា Honor អាចប្រកួតប្រជែងបានជាមួយ Huawei