
Xiaomi 12 Pro ដែលស្មាតហ្វូនស៊េរីថ្មីមួយរបស់ក្រុមហ៊ុននេះ បានប្រកាសចេញនៅលើទីផ្សារប្រទេសចិនកាលពីខែធ្នូរកន្លងទៅនោះ គឺត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិនមួយនេះចាប់ផ្តើមដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសឥណ្ឌានៅថ្ងៃនេះហើយតាមរយៈវិបសាយ Mi.com ហាងទំនើប Mi Home stores និងហាងអនឡាញ Amazon.in រួមជាមួយនិងដៃគូរជាច្រើនទៀត។ Xiaomi 12 Pro ដែលចេញលក់នៅឥណ្ឌានេះ គឺមានពីរជម្រើស គឺទំហំ 8GB/256GB និងទំហំ 12GB/256GB ហើយនិងមានតម្លៃ INR62,999 ($825/€785) និងតម្លៃ INR66,999 ($875/€835)។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Xiaomi 12 Pro គឺជាម៉ូដែលប្រណិតមួយ ដែលមានប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 1 និងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 12-ផ្អែកនៅលើ MIUI 13 ចេញពីប្រអប់តែម្តង។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.73 អ៊ីងល្បឿន 120Hz បង្ហាញញចេញបានកម្រិត QHD+ តាមរយៈអេក្រង់ LTPO 2.0 AMOLED screen ព្រមទាំងមានថ្មទំហំ 4,600mAh ដែលមានការគាំទ្រដោយកម្លាំងសាក 120W wired និង 50W wireless រួមនិង 10W reverse wireless charging ផងដែរ។

សម្រាប់ការថតរូបវិញ ស្មាតហ្វូននេះ គឺមានកាមេរ៉ាមុខទំហំ 32MP និងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមានទំហំ 50MP primary camera និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide ហើយនិងគ្រាប់ទីបីមានទំហំ 50MP telephoto។ ស្មាតហ្វូន Xiaomi 12 Pro ក៏មានបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃក្រោមអេក្រង់ និងបន្ទះឈីប NFC ហើយនិងប្រព័ន្ធបំពងសម្លេង 4 គ្រាប់ដែលជារបស់ Harman Kardon ទ្រទ្រង់នូវបច្ចេកវិទ្យាសម្លង Dolby Vision និង Dolby Atmos ថែមទៀតផង។ ជាមួយគ្នានេះ ស្មាតហ្វូននេះក៏ជាម៉ូដែល ដែលមានការបញ្ជាក់ទទួលស្គាល់ពីស្ថាប័ន Hi-Res Audio certification ផងដែរ។
