
នៅទីបំផុត Nvidia បានក្លាយខ្លួនជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោកកាលពីថ្ងៃអង្គារថ្មីៗនេះ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់អាមេរិកមួយនេះបានហក់ឡើងដល់ 3.6% ដែលសរុបជាសាច់ប្រាក់មានចំនួន 3.34 ពាន់លានដុល្លារអាមេរិក ដោយបានយកឈ្នះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកពីទៀតគឺ Microsoft និង Apple។
Nvidia បានបង្កើនតម្លៃភាគហ៊ុនរបស់ខ្លួនចំនួន 170% រហូតមកដល់ពេលនេះក្នុងឆ្នាំ 2024 ហើយក៏ទទួលបានលទ្ធផលជាវិជ្ជមាននៅក្នុងត្រីមាសទី 1 កាលពីដើមឆ្នាំនេះ។ ភាគហ៊ុនរបស់ Nvidia បានកើនឡើងចំនួនប្រាំបួនដងចាប់តាំងពីចុងឆ្នាំ 2022 ដែលជាការកើនឡើងដែលស្របពេលជាមួយនឹងការកើនឡើងនៃប្រជាប្រិយភាពក្នុងជំនាន់នៃប្រព័ន្ធបច្ចេកវិទ្យា AI។ ក្នុងពេលបច្ចុប្បន្ននេះ Nvidia បានគ្រប់គ្រងចំនែកទីផ្សារប្រហែល 80% នៃទីផ្សារបន្ទះឈីប AI ដែលប្រើនៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ហើយនេះ គឺជាអាជីវកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា AI ដូចជា OpenAI, Microsoft, Alphabet, Amazon, Meta និងក្រុមហ៊ុនផ្សេងទៀត នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍របស់ CNBC ។

របាយការណ៍ប្រចាំត្រីមាសបានបង្ហាញថា ប្រាក់ចំណូលនៅក្នុងអាជីវកម្មមជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ Nvidia បានកើនឡើងខ្ពស់ខ្លាំងដល់ទៅ 427% ធៀបនឹងឆ្នាំមុន ដែលមានចំនួនប្រហែល 86% នៃការលក់សរុប។ Nvidia គឺជាក្រុមហ៊ុនដែលទទួលបានប្រជាប្រិយភាពខ្ពស់សម្រាប់ទីផ្សារអង្គក្រាហ្វិកកាត និងបន្ទះឈីបម៉ាស៊ីនហ្គេមជាពិសេសបន្ទះអង្គក្រាហ្វិចជំនាន់ថ្មីចុងក្រោយរបស់ខ្លួនតែម្តង។ ក្រុមហ៊ុនបានព្យាយាមក្នុងការលក់បន្ទះឈីបប្រភេទ cryptocurrency mining chips និង cloud gaming subscriptions ផងដែរ ប៉ុន្តែមិនសូវទទួលបានផលល្អប្រសើរ ហើយក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុនបែរមកធ្វើការអភិវឌ្ឍន៍លើបន្ទះឈីបសម្រាប់យុគសម័យបច្ចេកវិទ្យា AI វិញម្តង ហើយក៏ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរពីគំរូអាជីវកម្មថ្មីនេះ។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ថ្មីៗនេះ បានរាយការណ៍ថា សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Nvidia លោក Jensen Huang បច្ចុប្បន្នបានក្លាយជាអ្នកមានបំផុតលំដាប់ទី 11 នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 117 ពាន់លានដុល្លារអាមេរិក៕
