រថយន្តអគ្គិសនី Sedan ដ៏ប្រណីតរបស់ក្រុមហ៊ុន Xpeng ម៉ូដែល P7+ ត្រូវបានក្រុមហ៊ុនធ្វើការនាំចេញជាផ្លូវការណ៍សម្រាប់ទីផ្សារប្រទេសបារាំង ដោយមានតម្លៃចាប់ពីខ្ទង់ $53,470។ Xpeng P7+ គ្រឿងដំបូងគេត្រូវបានប្រគល់ជូនដល់ដៃអតិថិជនដោយអនុប្រធាន និងជាប្រធានក្រុមហ៊ុន Xpeng លោក  Brian Gu ប្រចាំនៅទីក្រុងប៉ារីសប្រទេសបារាំងផ្ទាល់តែម្តង។ បច្ចុប្បន្ន Xpeng P7+ បាននឹងកំពុងដំណើរការដំឡើងនៅរោងចក្រក្នុងទីក្រុង Graz ប្រទេសអូទ្រីស។

Dr. Brian Gu បានចែករំលែកសារតាមបណ្តាញអ៊ីនធឺណិតថា លោកបានទៅទស្សនាហាងលក់របស់ Xpeng ក្នុងទីក្រុងប៉ារីស ដើម្បីនិយាយជាមួយដៃគូ និងអបអរសាទរដល់ការដឹកជញ្ជូនរថយន្តអគ្គិសនីប្រណីត P7+ ទៅឱ្យអតិថិជនដំបូងនៅប្រទេសបារាំង។ អ្នកគ្រប់គ្រងជាន់ខ្ពស់រូបនេះ ក៏បានចែករំលែករូបភាពរបស់លោកកំពុងប្រគល់សោរទៅឱ្យម្ចាស់ P7+ ដំបូងគេថែមទៀតផង។ លោក Brian Gu ក៏បានចែករំលែកផងដែរថា Xpeng មានកំណើនការលក់ខ្ពស់បំផុតក្នុងខែឧសភា កន្លងទៅ។

Xpeng P7+ កំពុងត្រូវបានដំឡើងនៅរោងចក្រ Magna Steyr ក្នុងទីក្រុង Graz ប្រទេសអូទ្រីស។ រថយន្តអគ្គិសនីប្រណីតនេះ បានបញ្ចប់ការផលិតសាកល្បងនៅក្នុងខែមករា ឆ្នាំ2026។ Xpeng P7+ មានលក់នៅប្រទេសបារាំងជាមួយបីជម្រើសម៉ូដែល ក្នុងមានដូចជា ម៉ូដែល RWD Standard Range មានតម្លៃចាប់ពីខ្ទង់ $53,570, ម៉ូដែល RWD Long Range មានតម្លៃ $58,120 និងម៉ូដែលកំពូល AWD Performance មានតម្លៃ $62,770។ Xpeng P7+ ជារថយន្តអគ្គិសនី sedan ដែលមានការឌីស្សាញរូបរាងបែប liftback ជាមួយប្រវែងតួរខ្លួន 5,071mm/ ទទឹង 1,937mm/កំពស់ 1,512mm។ 

Xpeng P7+ ជម្រើសម៉ូដែលស្តង់ដារបំពាក់ម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយ (RWD) អាចផលិកម្លាំងសរុបបាន 241 សេះ គាំទ្រដោយកញ្ចប់ថ្មទំហំ 61.7kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 455km ក្រោមស្តង់ដារ WLTP។ ម៉ូដែល Single-motor RWD អាចជាន់ស្ទុះល្បឿពីកុងទ័រ 0 ទៅ 100km ចាយពេលខ្ទង់ 6.9 វិនាទី។ ចំនែម៉ូដែល long-range RWD វិញប្រើម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន 308 សេះ និងកញ្ចប់ថ្មទំហំ 74.9kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 530km ក្រោមស្តង់ដារ WLTP ហើយអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 6.2 វិនាទី។

ដោយឡែកសម្រាប់ P7+ AWD វិញបំពាក់ម៉ូទ័រអគ្គិសនីពីរគ្រាប់អាចផលិតកម្លាំងសរុបបានដល់ 496 សេះ និងមានជម្រើសកញ្ចប់ថ្មដូចគ្នានឹងម៉ូដែល Long-range RWD ដែរ។ ម៉ូដែល AWD អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 4.3 វិនាទី ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 500km(WLTP)។ សូមបញ្ជាក់ថា Xpeng P7+ BEV ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់នៅទីផ្សារក្នុងស្រុកជាមួយតម្លៃចាប់ពីខ្ទង់ $27,620 ដល់ $30,875។ ហើយគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ 2026 ក្រុមហ៊ុនលក់ P7+ បានចំនួន 12,758 គ្រឿងនៅទីផ្សារក្នុងស្រុក (ចិន)៕