
យោងតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានទម្លាយអំពីស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Honor ដែលមានលេខម៉ូដែល MEY-AN00 និង MEP-AN00 ដែលម៉ូដែលនេះ ត្រូវបានគេជឿជាក់គឺជាស្មាតហ្វូនត្រកូល Honor 500 Series ដែលនឹងមានការប្រកាសជាផ្លូវការនៅក្នុងប្រទេសចិននៅចុងខែនេះ។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅលើវិញ្ញាបន បត្រ 3C របស់ចិន ហើយថ្មីៗនេះ ដែលស្មាតហ្វូនដែលមានលេខម៉ូដែល MEY-AN00 នេះបានបង្ហាញខ្លួននៅលើ Geekbench ជាមួយបន្ទះឈីប Snapdragon 8s Gen 4។
សូមជំរាបថា នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី ដែលមានលេខម៉ូដែល MEP-AN00 ក៏បានបង្ហាញខ្លួននៅលើ Geekbench ផងដែរ។ នៅលើបញ្ជី Geekbench បង្ហាញថា ស្មាតហ្វូនដែលមានលេខម៉ូដែល MEP-AN00 នេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលមានលេខកូដ SM8750។ ស្មាតហ្វូន MEP-AN00 នេះ គឺជាម៉ូដែល Honor 500 Pro ខណៈដែលលេខកូដ MEY-AN00 ដែលបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 4 គឺជាស្មាតហ្វូន Honor 500។ បន្ថែមពីនេះ នៅលើបញ្ជី Geekbench នេះ ថែមទាំងបង្ហាញថា ស្មាតហ្វូន Honor 500 Pro នេះ គឺមានរ៉េមទំហំ 16GB និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 16។

ទៅលើការស្មាតហ្វូនជំនាន់ថ្មីនេះនៅលើ Geekbench គឺមានពិន្ទុ 3100 នៅក្នុងតេស្ត Single-Core និង 9463 នៅលើការតេស្ត Multi-Core។ ក្រុមហ៊ុន Honor បញ្ជាក់ថា ស្មាតហ្វូន Honor 500 Pro នឹងមានទំហំ 12GB+256GB, 12GB+512GB, 16GB+512GB និង 16GB+1TB ហើយនឹងមានជម្រើសពណ៌ Aquamarine, Starlight Pink, Obsidian Black និង Moonlight Silver។ Honor 500 Pro ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.55 អ៊ីង OLED ដែលមានកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate។

Honor 500 Pro ថ្មីនេះ មានកាមេរ៉ាមុខទំហំ 50MP និងកាមេរ៉ាគោលទំហំ 200MP Samsung HP3 និងគ្រាប់ទីពីរមានទំហំ12MP (ultra-wide) និងទីបីមានទំហំ 50MP (Sony IMX858, 3x periscope)។ ស្មាតហ្វូន Honor 500 Pro ថ្មីនេះ នឹងមានថាមពលថ្មទំហំ 8,000mAh ជាមួយនឹងបច្ចេកវិទ្យាសាក 100W wired និង 50W wireless charging។ ស្មាតហ្វូននេះបំពាក់នូវសិនស័រស្កែនម្រាមដៃ Ultrasonic និងឈីប Honor C1+ RF ហើយនិងបន្ទះឈីប E2 energy efficiency chip ផងដែរ។ ក្រុមហ៊ុន Honor នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូន Honor 500 Series នោះទេ ប៉ុន្តែរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 24 ខែវិច្ឆិកាខាងមុខនេះ៕
