
នៅពេលនេះ ក្រុមហ៊ុន Porsche Design បានចេញមកបញ្ជាក់ថា ខ្លួនបានចែកផ្លូវគ្នាជាមួយនឹងក្រុមហ៊ុន Huawei ហើយ។ ទំនាក់ទំនងរវាងក្រុមហ៊ុនធំៗទាំងពីរនេះ គឺបានដល់ទៅបញ្ចប់កាលពីពាក់កណ្តាលឆ្នាំ 2023 កន្លងទៅ។ នៅពេលនេះ ក្រុមហ៊ុន Porsche Design បានសហការជាមួយនឹងក្រុមហ៊ុន Honor វិញម្តង នៅក្នុងការបង្កើតនូវផលិតផលស្មាតហ្វូនថ្មី ដែលមានការឌីស្សាបែបប្រណិត និងមានភាពស្រស់ស្អាត។
នៅក្នុងការពិភាក្សាថ្មីមួយជាមួយនឹងសារព័ត៌មាន Android Authority នោះ ក្រុមហ៊ុន Porsche Design បានអះអាងថា ទំនាក់ទំនងក្នុងភាពជាដៃគូររបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Huawei បានបញ្ចប់កាលពីថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 កន្លងទៅ។ សូមជំរាបផងដែរ នៅក្នុងកំឡុងពេលជាដៃគូរនឹងគ្នានោះ ក្រុមហ៊ុនធំៗទាំងពីរ គឺ Huawei និង Porsche Design មានភាពជោគជ័យខ្លាំងមែនទែននៅក្នុងវិស័យស្មាតហ្វូនជាមួយនឹងការបង្ហាញនូវវត្តមានស្មាតហ្វូនម៉ូដែលពិសេសទៅលើ Mate series និងស្មាតវ៉ច GT Series ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ 2016 និងបញ្ចប់នៅថ្ងៃទី 30 ខែមិថុនាឆ្នាំ 2023 កន្លងទៅ។”

គួរបញ្ជាក់ថាក្រោយពីបញ្ចប់នូវកិច្ចសហការរួចមក ថ្មីៗនេះ ក្រុមហ៊ុន Huawei បានចុះស្លាកសញ្ញានៃឈ្មោះពាណិជ្ជកម្ម ‘Ultimate Design’ ដែលមានការឌីស្សាញរូបរាងយ៉ាងទាក់ទាញបំផុត។ ក្រុមហ៊ុន Huawei ពេលនេះ បានព្យាយាមក្នុងការឌីស្សាញដោយខ្លួនឯងជាជាងការពឹងផ្អែកទៅលើក្រុមហ៊ុនបរទេសក្នុងការទ្រទ្រង់ទៅលើស្មាតហ្វូនប្រណិតរបស់ខ្លួន។ វត្តមាននៃកិច្ចសហការនៃក្រុមហ៊ុន Huawei និង Porsche Design នេះក៏មានការផ្តល់នូវផលិតផលអស្ចារ្យជាច្រើនផងដែរ ដោយរាប់ចាប់ពីម៉ូដែល Mate 9 ដល់ម៉ូដែល Mate 50 RS Porsche Design។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ត្រូវបានគេរាយការណ៌ថា នឹងចាប់ផ្តើមផ្តោតទៅលើស្មាតហ្វូន “Ultimate Design” ដោយឯករាជ្យថែមទៀតផង។

ផលិតផលចុងក្រោយបំផុតនៅក្នុងស្មាតហ្វូននេះ គឺជាម៉ូដែល Mate 60 RS Ultimate Design ដែលបានឈ្នះនូវពានរង្វាន់ឌីស្សាញ Swan Award ដែលបង្ហាញអំពីការឌីស្សាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ នៅពេលនេះ ក្រុមហ៊ុន Porsche Design ក៏បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Honor ក្នុងការនាំយកនូវស្មាតហ្វូន Magic V2 RSR Porsche Design ផងដែរ ដែលនេះ គឺជាស្មាតហ្វូនបត់បានដែលមានការឌីស្សាញដ៏អស្ចារ្យដែលមានភាពស្រដៀងទៅនឹងរថយន្តស្ព័រ Porsche 911 អញ្ចឹង។ ស្មាតហ្វូន Magic 6 RSR Porsche Design អាចនឹងបង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំ 2024 ខាងមុខនេះហើយ៕
