
ក្រុមហ៊ុន vivo នឹងធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីក្នុងត្រកូល S-Series របស់ខ្លួនដែលមានដូចជា vivo S19 និង S19 Pro ហើយស្មាតហ្វូនជំនាន់ថ្មីនេះ បានឆ្លងកាត់បញ្ជីរបស់ស្ថាប័ន MIIT របស់ប្រទេសចិនរួចរាល់ហើយ។ ទោះជាយ៉ាងណាសម្រាប់ថ្ងៃនៃការបង្ហាញវត្តមានផ្លូវការណ៍សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ ហើយនៅពេលនេះ គណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ចិន Digital Chat Station បានធ្វើការទម្លាយចេញនៅគុណសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល vivo S19 Pro។
បើតាមការទម្លាយព័ត៌មានគុណសម្បត្តិតាមរយះ Digital Chat Station បានឲ្យដឹងថា vivo S19 Pro នឹងបំពាក់នូវអេក្រង់ដែលមានទំហំ 6.78-inch OLED Display ដែលគាំទ្រកម្រិតបង្ហាញ 1.5K ឬ 2800x1260px។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងប្រើបន្ទះឈីបកំពូលរបស់ MediaTek ស៊េរី Demensity 9200+ ភ្ជាប់ជាមួយរ៉េមទំហំធំបំផុតដល់ 16GB និងអង្គផ្ទុកទិន្នន័យទំហំ 512GB។ vivo S19 Pro ក៏នឹងដំឡើងប្រព័ន្ធកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមានសែនស័រទំហំ 50MP Main + 8MP Ultrawide និង 50MP Telephoto សម្រាប់ថតរូបព្រាលផ្ទៃ Portrait ផងដែរ។ ស្មាតហ្វូននេះ ក៏នឹងមានសែនស័រកាមេរ៉ាមុខទំហំ 50MP ថែមទៀតផង។

Vivo S19 Pro នឹងមានថ្មទំហំធំដល់ 5,500mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 80W Wired Fast Charging។ សម្រាប់ vivo S19 វិញត្រូវបានគេដឹងថា អាចនឹងប្រើបន្ទះឈីប Qualcomm Snapdragon 7 Gen 3 មានថ្មទំហំ 6,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 80W Wired Fast Charging ដូចម៉ូដែល Pro ដែរ។ បើតាមប្រភពចុងក្រោយបានបញ្ជាក់ថា vivo S19 Series អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងខែមិថុនា ខាងមុខនេះ៕
