
យោងតាមការទម្លាយព័ត៌មានមុននេះ បាននិយាយថា ក្រុមហ៊ុន Qualcomm នឹងរៀបចំនូវព្រឹត្តិការណ៍ Snapdragon Summit 2025 នៅថ្ងៃទី 23 ដល់ថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ។ ដូចគ្នានេះដែរ ក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ ក៏នឹងមានការប្រកាសចេញនូវបន្ទះឈីប Snapdragon 8 Elite 2 ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន Flagship ជាច្រើនផងដែរ។ នៅក្នុងការបង្ហោះនៅលើ Weibo ដែលចេញពីអ្នកទម្លាយ Digital Chat Station ថ្មីៗនេះ បានបញ្ជាក់ថា បន្ទះឈីប SoC ថ្មីនេះ នឹងមានការ upgrade ខ្លាំងទៅលើផ្នែក CPU និង GPU។
នៅក្នុងការបែកធ្លាយមួយនាពេលថ្មីៗនេះ បានបង្ហាញថា បន្ទះឈីប Snapdragon 8 Elite 2 ថ្មីនេះ នឹងមានការប្រើប្រាស់នូវស្ថាបត្យកម្ម Oryon CPU architecture ជំនាន់ទី 2 របស់ក្រុមហ៊ុន Qualcomm។ តាមរយៈការបង្ហាញនៅលើ Geekbench 6 បង្ហាញថា បន្ទះឈីបនេះ មានពិន្ទុ 4,000 នៅក្នុងការតេស្ត single-core និងពិន្ទុដល់ទៅ 11,000 នៅក្នុងការតេស្ត multi-core ។ បើធៀបជាមួយនឹងបន្ទះឈីប Snapdragon 8 Elite ជំនាន់ទី 1 គឺមានពិន្ទុត្រឹមតែ 3,100 និង 9,800 ប៉ុណ្ណោះ។ បន្ទះឈីបនេះ ត្រូវបានឌីស្សាញឡើងសម្រាប់ការដំណើរការទៅលើការងារ visuals និង graphics ធំៗ។ ការ upgrade នេះ គឺផ្តោតទៅលើប្រសិទ្ធិភាពនៃដំណើរការ និងការគ្រប់គ្រងកំដៅបានយ៉ាងល្អសម្រាប់ស្មាតហ្វូននាពេលខាងមុខ។

បន្ទះឈីប Snapdragon 8 Elite 2 នេះ គឺប្រើប្រាស់នូវស្ថាបត្យកម្ម 2+6 CPU ដែលមានល្បឿន 5GHz។ បន្ទះឈីបនេះ អាចនឹងប្រើប្រាស់នូវដំណើរការ 3nm ជំនាន់ទី 3 របស់ក្រុមហ៊ុន TSMC។ ក្រុមហ៊ុន Xiaomi អាចនឹងក្លាយជាម៉ាកយីហោដំបុងបំផុតដែលនឹងបញ្ចេញនូវស្មាតហ្វូនជាច្រើនដែលប្រើប្រាស់នូវបន្ទះឈីបនេះ ដូចជា Xiaomi 16 Xiaomi 16 Pro។ កាលពីពេលមុននេះ មានការរាយការណ៍ថា បន្ទះឈីបនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនទៀតដូចជា OnePlus 15, iQOO 15, 15 Pro, Honor Magic 8 series, Realme GT 8 Pro, Nubia Red Magic 11 series និង Redmi K90 series ។

សម្រាប់ស្មាតហ្វូន OPPO Find X9 Ultra និង Vivo X300 Ultra នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ក៏នឹងបំពាក់នូវបន្ទះឈីបថ្មីនេះផងដែរ។ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូណXiaomi 16 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon chip នេះ ឬបន្ទះឈីប Xring SoC របស់ក្រុមហ៊ុន៕
