
មកដល់ពេលនេះ ស្មាតហ្វូន Huawei P70 Series នៅតែបន្តមានពាក្យចចាមអារ៉ាមជាច្រើន ដែលនិយាយអំពីព័ត៌មានថ្មីៗពីស្មាតហ្វូននេះ។ ជាក់ស្តែងនៅថ្ងៃនេះ មានរបាយការណ៍ថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei អាចនឹងចាប់ផ្តើមលក់មុន (pre-sale) សម្រាប់ស្មាតហ្វូន Flagship នៅដើមខែមេសានេះ។ ដូច្នេះបើផ្អែកលើព័ត៌មានខាងលើនេះ ស្មាតហ្វូន Huawei P-Series ជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះហើយ។
បើមើលទៅលើពាក្យចចាមអារ៉ាមអំពីការលក់មុន (pre-sale) នេះ គឺមានប្រភពចេញពីអ្នករាយការណ៍ម្នាក់ ដែលបានទៅកាន់ហាង Huawei Store ដែលមានទីតាំងនៅក្នុងទីក្រុង Beijing និង Shenzhen។ គាត់បានសួរថាតើ នៅពេលណាដែលស្មាតហ្វូន Huawei P70 អាចនឹងបង្ហាញខ្លួននៅក្នុងហាងនេះ។ គាត់បានរកឃើញនូវចម្លើយនេះ បានចេញពីហាងមួយនៅ Good World Commercial Plaza នៅក្នុងតំបន់ Chaoyang District, Beijing ដែលបុគ្គលិកម្នាក់នៅក្នុងហាងនេះ បានបញ្ជាក់ថា ស្មាតហ្វូន Huawei P70 series នឹងដាក់លក់មុន (pre-sale) នៅដើមខែមេសាខាងមុខនេះ។ អ្នកប្រើប្រាស់ជាច្រើនអាចចាប់ផ្តើមកក់ទិញស្មាតហ្វូននេះ បាននៅដើមខែក្រោយនេះជាក់ជាមិនខាន។
ទាក់ទងនឹងព័ត៌មាននេះ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ បុគ្គលិកនៅទីនេះ មិនបានបញ្ជាក់នោះទេ។ អ្វីដែលបានឃើញនៅលើអ៊ីនធឺណីតមួយរយៈនេះ គឺគ្រាន់តែជារូបភាព render របស់ស្មាតហ្វូន Huawei P70 series ប៉ុណ្ណោះ។ អ្វីដែលយើងអាចសន្និដ្ឋានបាននៅពេលនេះ គឺស្មាតហ្វូន P70 នឹងមានរូបរាងកាន់តែពិសេស និង upgrade បន្ថែមលើស្មាតហ្វូន P60 ។
សូមជំរាបថា កាលពីពេលមុននេះ ស្មាតហ្វូន flagship នេះ ត្រូវបានគេនិយាយថា នឹងមានការលក់មុន (pre-sale) ទៅលើស្មាតហ្វូននេះ គឺនៅថ្ងៃទី 23 ខែមីនា។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei បានច្រានចោលទៅលើពាក្យចចាមអារ៉ាមនេះផងដែរ។ តាមការបង្ហោះនៅលើ Weibo ចេញពី @FixedFocus បានបញ្ជាក់ថា ស្មាតហ្វូន Huawei P70 series នេះ គឺបានត្រៀមខ្លួនរួចរាល់ហើយ ខណៈពេលដែលតម្លៃរបស់ស្មាតហ្វូន Huawei P70 series នេះ អាចនឹងស្រដៀងគ្នាទៅនឹងម៉ូឌែល P ជំនាន់មុននេះផងដែរ៕
