
បន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៌របស់ស្មាតហ្វូនជំនាន់ថ្មី Find X8 និង Find X8 Pro នៅលើទីផ្សារសកលរួចមក នៅពេលនេះ ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនបន្ទាប់ទៀតហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានឈ្មោះថា Find X8 Ultra ហើយនឹងមានការបង្ហាញចេញនៅឆ្នាំក្រោយនេះ ដោយម៉ូដែលនេះ ត្រូវបានគេបញ្ជាក់ថា នឹងក្លាយជាម៉ូដែលប្រណិត ដែលនឹងប្រជែងជាមួយនិងស្មាតហ្វូនថ្មីៗជាច្រើនរួមមានដូចជា Samsung Galaxy S25 Ultra, Honor Magic 7 Ultimate, Xiaomi 15 Ultra និង Vivo X200 Ultra។
នៅមុនការសម្ពោធជាផ្លូវការណ៌ចូលមកដល់ នៅថ្ងៃនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនថ្មីនេះថែមទៀតហើយ។ ផ្អែកតាម Digital Chat Station បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Ultra នឹងមានអេក្រង់ទំហំ 6.8-អ៊ីង មានគែមទាំង 4 កោង ហើយនិងមានកម្រិតបង្ហាញចេញបាន 2K resolution។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic ទៀតផង។

Find X8 Ultra ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានបច្ចេកវិទ្យាការពារទឹក និងធូលី IP68 និង IP69 មានថ្មទំហំធំដល់ទៅ 6,000mAh ដែលគាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំងសាកចន្លោះពី 80W ទៅ 90W។ ខណៈដែលមិនទាន់មានការបញ្ជាក់ពីព័ត៌មាននានានោះ ស្មាតហ្វូន Find X8 Ultra ត្រូវគេនិយាយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ខណៈដែល Find X8 models ប្រើប្រាស់នូវបន្ទះឈីប Dimensity 9400។

កន្លងមកមានសេចក្តីរាយការណ៌ថា Find X8 Ultra នឹងមានការកាមេរ៉ា 4 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP Sony LYT 900 គាំទ្រនូសិនស័រ 1-អ៊ីង optical format និងគ្រាប់ទីពីរមានទំហំ 50MP Sony IMX 882 ultra-wide sensor ទ្រទ្រង់នូវសិនស័រទំហំ 1/1.95-អ៊ីង ខណៈដែល 2 គ្រាប់ទៀតជាឡែនគឺជា Telephoto។ សម្រាប់ Telephoto lenses នេះ គឺមានកាមេរ៉ាទំហំ 50MP Sony LYT 701 sensor គាំទ្រនូវសិនស័រ 1/1.56-អ៊ីង ប្រើឡែន 75mm equivalent focal length និងមួយគ្រាប់ទៀតមានទំហំ 50MP Sony IMX 882 គាំទ្រនូវសិនស័រទំហំ 1/1.95-អ៊ីង និងមានឡែន 150mm equivalent focal length។
