
យោងការទម្លាយនូវព័ត៌មានថ្មីៗនេះបានបង្ហើបថា ស្មាតហ្វូនថ្នាក់ប្រណិតស៊េរីថ្មីរបស់ nubia បានត្រៀមប្រកាសចេញនៅលើទីផ្សារពេលឆាប់ៗនេះហើយ។ បើមើលទៅលើការបង្ហោះសាររបស់អគ្គនាយករងក្រុមហ៊ុននេះនៅលើបណ្តាញ Weibo បាននិយាយពីប្រព័ន្ធកាមេរ៉ាថ្មី និងបច្ចេកវិទ្យាអេក្រង់ថ្មីដែលនឹងមាននៅលើស្មាតហ្វូនថ្មីនេះហើយ។ តាមព័ត៌មានដែលលេចចេញនេះ ត្រូវបានគេនិយាយថា គឺដូចគ្នាទៅនឹងការទម្លាយចេញពី Digital Chat Station អញ្ចឹងដែរ។
ប្រភពខាងលើនេះ បាននិយាយទៀតថា នៅលើស្មាតហ្វូនជំនាន់ថ្មី Z80 Ultra ដែលត្រៀមនឹងប្រកាសចេញនេះ គឺនឹងមានការប្រើប្រាស់នូវបន្ទះអេក្រង់ដែលបង្ហាញញចេញបានកម្រិត Full-Screen Display មិនមានរន្ធអេក្រង់សម្រាប់ដាក់កាមេរ៉ា selfie នោះទេ ដោយក្រុមហ៊ុននេះ នឹងបន្តប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ OLED ដូចមុនអញ្ចឹងដែរ ប៉ុន្តែក្រុមហ៊ុននេះបានបញ្ជាក់ជាថ្មីថា បច្ចេកវិទ្យានេះ នឹងមានលក្ខណៈពិសេសជាងមុន។ អេក្រង់នេះ នឹងរត់នៅលើល្បឿន 144Hz refresh rate និងកម្រិត 380Hz touch sampling rate។

ទាក់ទងនឹងប្រព័ន្ធកាមេរ៉ាវិញ នៅលើស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលដែលមានការទ្រទ្រង់នូវឡែន 35mm ហើយនឹងមានការប្រើប្រាស់នូវសិនស័រធំជាងមុនសម្រាប់ ultrawide ហើយថែមទាំងមានការពង្រឹងទៅលើប្រព័ន្ធផលិតរូបភាពបានកាន់តែខ្លាំងជាងមុនទៀតផង។ គួរបញ្ជាក់ថា nubia Z70 Ultra បានប្រកាសចេញនៅខែវិច្ឆិកាឆ្នាំមុន ដូច្នេះសម្រាប់ម៉ូដែលថ្មី Z80 Ultra អាចនឹងមកដល់នៅខែក្រោយនេះក៏ថាបាន។
