
បែកធ្លាយប្រព័ន្ធកាមេរ៉ាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Series
ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Foldables របស់ខ្លួននៅក្នុងខែកក្កដាខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានម៉ូដែល Galaxy Z Fold8 wide, Galaxy Z Fold8 Ultra និង Galaxy Z Flip8។ ថ្ងៃនេះ មុនព្រឹត្តិការណ៍នៃការសម្ភោធន៍ចូលមកដល់ មានការបែកធ្លាយថ្មីមួយបានទម្លាយអំពីលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូនទាំង 3 នេះហើយ។
យោងតាមការបែកធ្លាយខាងលើនេះ បានបង្ហើបថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold8 Ultra នេះនឹងប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ដូចទៅនឹងស្មាតហ្វូន Galaxy Z Fold7 អញ្ចឹង!ប៉ុន្តែនៅលើម៉ូដែលថ្មីនេះ អាចនឹងជំនួសនូវកាមេរ៉ា 12MP Ultrawide ដោយសិនស័រថ្មីទំហំ 50MP។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ា 200MP ISOCELL HP2 និង 10MP Telephoto Sensor ដូចទៅនឹងស្មាតហ្វូនជំនាន់មុននេះផងដែរ។

សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold8 នឹងបពាក់នូវកាមេរ៉ាភ្លោះនៅខាងក្រោយដែលមានទំហំ 50MP ផងដែរ។ ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ មានកាមេរ៉ាខាងមុខ 10MP selfie នៅលើអេក្រង់ cover display និងកាមេរ៉ា 10MP នៅលើអេក្រង់ខាងក្នុងថែមទៀត។ ក្រឡេកមកស្មាតហ្វូន Galaxy Z Flip8 វិញ នឹងបំពាក់នូវកាមេរ៉ាដូចគ្នាទៅនឹងស្មាតហ្វូនអេក្រង់ បត់បាន Galaxy Z Flip7 ដែលមានសិនស័រគោលទំហំ 50MP និង 12MP ultrawide ។ ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy Z Foldables នៅថ្ងៃទី 22 ខែកក្កដាខាងមុខនេះ ហើយការលក់ជាផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី 5ខែសីហាខាងមុខ៕
