
នៅថ្ងៃនេះ លោក Wang Teng Thomas ដែលជាអគ្គនាយកក្រុមហ៊ុន Redmi បានចែករំលែកនូវវីដេអូថ្មីមួយនៅលើបណ្តាញ Weibo ដែលមានការបញ្ជាក់ពីព័ត៌មានថ្មីរបស់ស្មាតហ្វូន Redmi K70 Ultra សម្រាប់ទីផ្សារប្រទេសចិន។ នៅក្នុងវីដេអូនេះ ក៏មានការសន្ទនាគ្នារវាងលោកជាមួយនិងលោក Lei Jun ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Xiaomi ផងដែរ។ ជាមួយគ្នានេះ លោក Wang Teng Thomas ក៏មានការលើកឡើងនូវព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី K70 Ultra នេះពេញលេញថែមទៀតផង។
Redmi K70 Ultra ត្រូវបានគេមើលឃើញថា មានលក្ខណៈសម្បត្តិដូចគ្នាជាមួយនិង Redmi K60 Ultra អញ្ចឹងដែរ ដោយក្រុមហ៊ុនមានការផ្តោតខ្លាំងទៅលើកម្លាំងម៉ាស៊ីន។ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនហៅថា “performance king” ដែលមានតម្លៃត្រឹមតែ 3,000 យ៉ន់ ដែលប្រហែលជា ~$412 ប៉ុណ្ណោះ។ ផ្អែកតាមរបាយការណ៌ខាងលើនេះបន្តថា ស្មាតហ្វូន K70 Ultra នឹងដំណើរការនៅលើបន្ទះឈីប Dimensity 9300 Plus ដែលដូចគ្នាជាមួយនិងបន្ទះឈីបរបស់ស្មាតហ្វូន iQOO Neo 9S Pro ដែលទើបតែនឹងប្រកាសចេញនៅលើទីផ្សារប្រទេសចិនកាលពីប៉ុន្មានសប្តាហ៌មុនដែរ។

លោក Wang Teng Thomas បានធ្វើការកត់សំគាល់ថា ស្មាតហ្វូន Redmi K70 Ultra ក៏នឹងមានការប្រើប្រាស់បន្ទះឈីបជំនួយដល់ក្រាហ្វិកកាត និងប្រព័ន្ធទប់កំដៅ ice-sealed cooling system ថែមទៀតផង។ បន្ថែមពីនេះ លោក Thomas ក៏បានបង្ហាញចេញនូវប្រអប់លក់រាយរបស់ស្មាតហ្វូនជំនាន់ថ្មី K70 Ultra ផងដែរ។ ក្រុមហ៊ុននេះ ថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត ថែមទៀតផង។

ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់រាបស្មើរ និងគាំទ្រដដោយអេក្រង់ 8T OLED បង្ហាញចេញបានកម្រិត 1.5K resolution ជាមួយល្បឿន 144Hz refresh rate។ ស្មាតហ្វូននេះមានស៊ុមផលិតពីលោហៈ និងបំពាក់នូវឈីប D9300+ រ៉េម 24GB LPDDR5x និងមានអង្គចងចាំទំហំ 1TB UFS 4.0 ហើយនិងមានថ្មទំហំ 5,500mAh គាំទ្រនូវកម្លាំងសាក 120W fast charging។ ស្មាតហ្វូនកាមេរ៉ាមុខទំហំ 20-Megapixel និងកាមេរ៉ាក្រោយទំហំ 50-Megapixel + 8-Megapixel + 2-Megapixel។
