
យោងតាមការចេញផ្សាយព័ត៌មានរបស់ Gizmochina ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung មានគម្រោងនៅក្នុងការផ្លាស់ប្តូរដ៏ធំមួយទៅលើស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតជំនាន់ថ្មីរបស់ខ្លួននៅពេលខាងមុខ។ ប៉ុន្តែសម្រាប់ពេលនេះ នៅមិនទាន់មានលក្ខណៈសម្បត្តិថ្មី ឬការឌីស្សាញថ្មីទាក់ទងនឹងស្មាតហ្វូនថ្មីនោះឡើយទេ គ្រាន់តែមានការនិយាយថា ក្រុមហ៊ុននេះ អាចនឹងមានការផ្លាស់ប្តូរទៅលើឈ្មោះរបស់ស្មាតហ្វូន។
នៅពេលនេះ យោងតាមពាក្យចចាមអារ៉ាមថ្មីមួយ ក៏មានការបញ្ជាក់ដែរថា ក្រុមហ៊ុននេះ អាចនឹងបោះបង់ចោលនូវពាក្យថា ‘Galaxy’ ទៅលើស្មាតហ្វូន Galaxy S25 series។ ស្របពេលជាមួយគ្នានេះ ក៏មានការបែកធ្លាយជាច្រើន បាននិយាយពីស្មាតហ្វូន Flagship ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះផងដែរ។ មានការព្យាករណ៌ថា ស្មាតហ្វូនលំដាប់ flagship ថ្មីនេះ នឹងមានការផ្លាស់ប្តូរដ៏ធំមួយ។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ចាក់ជាផ្លូវការណ៌មួយពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung អំពីរឿងនេះទេ។ ប៉ុន្តែអ្នកទម្លាយ Ishan Agarwal បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងលុបចោលនូវពាក្យថា ‘Galaxy’ នៅលើស្មាតហ្វូនថ្មីនេះ។
គិតដល់ថ្ងៃនេះ បើទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើន និយាយពីរឿងទាំងនេះ ក៏ដោយ នៅក្នុង Samsung Newsroom របស់ក្រុមហ៊ុន នៅតែបញ្ជាក់អំពីស្មាតហ្វូន Flagship ថ្មីនេះ ជាមួយនឹងឈ្មោះហៅថា Galaxy S25 series ដដែល។ ដូច្នេះប្រសិនបើ ព័ត៌មាននេះ គឺជាការពិតនោះ ការកែប្រែទៅលើឈ្មោះ គឺអាចនឹងធ្វើឡើងនៅក្នុងនាទីចុងក្រោយបំផុត ខណៈដែលពេលវេលានៅសល់តែជាង 2 ខែទៀតប៉ុណ្ណោះ។

បើតាមរបាយការណ៌កន្លងមក បាននិយាយថា នៅដើមឆ្នាំក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ អាចនឹងបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីៗដូចជា Samsung S25, Samsung S25+ និង Samsung S25 Ultra ។ ខណៈដែល ស្មាតហ្វូន Galaxy S25 FE ក៏អាចនឹងក្លាយជាម៉ូដែលមានរូបរាងស្លីមជាងគេផងដែរ។ សម្រាប់ស្មាតហ្វូន Galaxy S25 Ultra នេះនឹងមានអេក្រង់ដែលភ្លឺជាងគេ ហើយនឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ហើយនិងមានភ្ជាប់ជាមួយនូវពណ៌ថ្មីចំនួន 4 ពណ៌ផងដែរ៕
