ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មី Galaxy Z Fold7 នឹងមានកាមេរ៉ាគោលទំហំ 200MP

ដោយ

Koun Jab Luffy

26 ឧសភា 2025 09:11 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃននេះ មានការបែកធ្លាយរូបភាពថ្មីមួយនៅលើអនឡាញ បានទម្លាយអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold7 ដែលជាសមិទ្ធិផលថ្មីរបស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែកក្កដាឆ្នាំ 2025 ខាងមុខនេះហើយ។ វត្តមានរបស់ស្មាតហ្វូនថ្មីនេះ ក៏មានការអមមកជាមួយនឹងស្មាតហ្វូនបត់បាន Z Flip7 និង Z Flip7 FE ផងដរ។ ខណៈពេលដែលការផលិតទ្រង់ទ្រាយធំគឺចាប់ផ្តើមហើយនោះ យើងនឹងដឹងនូវលក្ខណៈសម្បត្តិជាច្រើនរបស់វាឆាប់ៗនេះផងដែរ។
ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Samsung នេះ គឺជាស្មាតហ្វូនបត់បានជំនាន់ទី 7 ហើយ ដែលនឹងត្រៀមធ្វើការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Samsung Unpacked 2025 នៅដើមខែកក្កដានេះ។ មើលទៅលើផ្នែកខាងក្រោយនៃស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Z Fold 7 នេះ នឹងមានការឌីស្សាញកាមេរ៉ាបញ្ឈរ ហើយក៏នឹងមានអេក្រង់ edge-to-edge cover display ហើយថែមទាំងរូបរាងស្តើងជាមួយនឹងកម្រាស់ត្រឹមតែ 3.9mm ប៉ុណ្ណោះ នៅពេលបើក ដែលនេះពិតជាស្តើងមែនទែន។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន Z Fold 6 គឺប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP ISOCELL GN3 (1/1.57″) ប៉ុណ្ណោះ។ កាមេរ៉ាថ្មីរបស់ Samsung ដែលមានទំហំ 200MP នេះ គឺមានការគាំទ្រដោយសិនស័រទំហំ 1/1.3 អ៊ីង។ សម្រាប់ការឌីស្សាញរូបរាងទៅលើស្មាតហ្វូនអេក្រង់បត់បាន Z Fold7 នេះវិញ គឺនឹងមានវិមាត្រ 158.4x143.1x3.9mm អាចប្រជែងគ្នាជាមួយនឹងស្មាតហ្វូន OPPO Find N5 ផងដែរ។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite សម្រាប់ទីផ្សារសកល ជាមួយនឹងរ៉េមទំហំ 12GB និងថាមពលថ្មទំហំ 4,400mAh។ ចំពោះស្មាតហ្វូនអេក្រង់បត់បានមួយទៀត Z Flip 7 គឺអាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2500 សម្រាប់នៅក្នុងទីផ្សារជាច្រើន ខណៈពេលដែលទីផ្សារអាមេរិកខាងជើង និងចិន គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។ សម្រាប់ស្មាតហ្វូនអេក្រង់បត់បានដែលមានតម្លៃធូថ្លៃជាងគេ Z Flip7 FE គឺនឹងមានបន្ទះឈីប Exynos 2400 ៕