
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន Honor បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Magic 7 Series របស់ខ្លួន នៅក្នុងប្រទេសចិននៅក្នុងខែនេះហើយ។ ស្របពេលជាមួយគ្នានេះ ការបែកធ្លាយថ្មីមួយ ក៏បានទម្លាយអំពីការឌីស្សាញខាងក្រៅ និងទំហំម៉េមូរីរបស់ស្មាតហ្វូននេះផងដែរ។ មុននេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor ក៏បានចែករំលែកនូវផ្នែកខាងមុខរបស់ស្មាតហ្វូននេះផងដែរ។ បើតាមរូបភាព ដែលបែកធ្លាយនៅពេលនេះ មានការការបង្ហាញនូវរូបភាព Render កម្រិតខ្ពស់ទៅលើស្មាតហ្វូន Magic 7 និង Magic 7 Pro ថែមទៀតហើយ។
បើមើលទៅលើស្មាតហ្វូន Magic 7 នេះ គឺមានកាមេរ៉ា Octagonal Island ជាមួយនឹងស៊ុមពណ៌ទឹកប្រាក់ ឬប្រផេះ។ រូបភាពនេះ ក៏មានការបង្ហាញនូវគែមពណ៌មាសផងដែរ។ សម្រាប់ module ខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានសិនស័រកាមេរ៉ាចំនួន 3 គ្រាប់ ដែលមាន periscope telephoto lens និង LED flash។ ក្រៅពីនេះ ការបែកធ្លាយថ្មីមួយទៀត គឺបានទម្លាយអំពីទំហំ និងពណ៌របស់ស្មាតហ្វូនថ្មីនេះផងដែរ។ យោងតាមអ្នកទម្លាយ Digital Chat Station នាពេលថ្មីៗនេះបានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Magic 7 នេះ នឹងមានការតម្លើងនូវអង្គចងចាំទំហំ 512GB និង 1TB Storage ហើយនឹងមានពណ៌ Gold, White, Black, Blue និង Gray។
បើមើលទៅលើស្មាតហ្វូន Magic 7 Pro គឺមានអង្គចងចាំទំហំ 256GB, 512GB និង 1TB ហើយនឹងមានពណ៌ White, Black, Blue និង Gray។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honor នឹងមានការបង្ហាញនូវប្រព័ន្ធ MagicOS 9.0 របស់ខ្លួន នៅថ្ងៃទី 23 ខែតុលា ឆ្នាំ 2024 នេះហើយ។ ដូច្នេះផ្អែកលើការជូនដំណឹងនេះ ស្មាតហ្វូនជំនាន់ថ្មី Magic 7 Series អាចនឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅប្រទេសចិន នាថ្ងៃទី 30 ខែតុលាខាងមុខនេះហើយ។
មកដល់ពេលនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការណ៍នោះ ស្មាតហ្វូន Magic 7 series នេះ ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite ហើយនិងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលកាមេរ៉ាគោលមានទំហំ 50MP (Omnivision OV50H) និងគ្រាប់ទីពីរមានទំហំ 50MP Periscope Telephoto Lens (Sony IMX882) ខណៈដែលកាមេរ៉ាទី 3 មានទំហំ 50MP និង 200MP (Samsung HP3)។

សូមជំរាបផងដែរ មុននេះមានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 1.5K OLED ខណៈពេលដែលម៉ូដែល Pro គឺនឹងមានអេក្រង់ទំហំ 2K OLED។ សម្រាប់ស្មាតហ្វូន Magic 7 Pro នេះគឹមានថាមពលថ្មទំហំ 5800 mAh កម្លាំងសាក 100W wired charging និងបច្ចេកវិទ្យាសាកឥតខ្សែរ 66W wireless charging។ ស្មាតហ្វូនទាំងពីរនេះ នឹងបំពាក់នូវបច្ចេកវិទ្យា IP68 និង IP69 សម្រាប់ការពារទឹក និងធូលី ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ ultrasonic fingerprint reader។ ស្មាតហ្វូនម៉ូដែល Pro នេះ អាចនឹងបំពាក់នូវ Satellite connectivity ថែមទៀតផង៕
