
Huawei គ្រោងនឹងដាក់បង្ហាញនាឡិកាឆ្លាតវៃចុងក្រោយបំផុតរបស់ខ្លួនគឺ Huawei Watch 4 នៅក្នុងព្រឹត្តិការណ៍សន្និសីទបង្ហាញផលិតផល Huawei Summer 2023 ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 18 ខែឧសភា ខាងមុខនេះ។ ហើយនៅមុនពេលការចេញលក់ផ្លូវការណ៍មកដល់ ក៏មានការទម្លាយចេញរូបភាពផ្លូវការរបស់នាឡិកាដៃឆ្លាតវៃ ដោយបង្ហាញពីការរចនារាងជារង្វង់ ជាមួយនឹងរូបរាងទាំងមូលដែលមានរាងមូលជាងមុន ព្រមទាំងមានការផ្លាស់ប្តូរប៊ូតុងចុចទៅជាប្រភេទកង់បង្វិល និងមានគែមអេក្រង់ស្តើងជាងមុ ដែលផ្តល់ឱ្យ Huawei Watch 4 មានរូបរាងដូចនាឡិកាដៃប្រភេទ mechanical watch អីចឹងដែរ។
Huawei Watch 4 ត្រូវបានគេរំពឹងថា អាចនឹងបំពាក់មកជាមួយមុខងារពិសេសៗថ្មីៗជាច្រើនដែលក្នុងនោះរួមមានមុខងារភ្ជាប់ផ្កាយរណប BeiDou Satellite messaging ផងដែរ ដែលមុខងារថ្មីនេះត្រូវបានហៅថា Breaking the Sky ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការទំនាក់ទំនងជាមួយក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ និងអាចធ្វើការហៅទូរស័ព្ទចេញបាននៅពេលស្ថិតនៅក្នុងតំបន់គ្មានសេវា។ បន្ថែមពីនេះនៅលើ Huawei Watch 4 ក៏នឹងមានមុខងារវាស់កម្រិតជាតិខ្លុយកូសក្នុងឈាម (non-invasive blood glucose monitoring) ដែលមានសមត្ថភាពអាចវ៉ាស់បានជាក់លាក់កម្រិត 85%។

ហើយសម្រាប់ប៉ូតុងកង់បង្វិលដែលប្រើនៅលើ Huawei Watch 4 ក៏នឹងភ្ជាប់នូវមុខងារ unique zirconia material ដែលផ្តល់នូវភាពឆ្លាតវៃងាយស្រួលប្រើ និងធន់ក្នុងការប្រើប្រាស់ថែមទៀតផង រួមទាំងបច្ចេកវិទ្យា និងមុខងារថ្មីៗជាច្រើនទៀតក៏នឹងមានភ្ជាប់មកជាមួយ Huawei Watch 4 ផងដែរ។ ជាងនេះទៅទៀតបើតាមរបាយការណ៍បានបញ្ជាក់ថា ក្រៅតែពី Huawei Watch 4 ក្រុមហ៊ុន Huawei ក៏នឹងធ្វើការណែនាំបង្ហាញចេញផលិតផលថ្មីៗមួយចំនួនទៀតដែលរួមមាន Huawei MatePad Air Tablet, MateBook E 2-in-1 Notebook ហើយនិង MateBook X 2023 Series ជាដើម នៅថ្ងៃទី 18 ខែឧសភា ខាងមុខនេះ៕
