បែកធ្លាយរូបភាព Honor 600 Pro ហើយនិងពិន្ទុនៅលើបញ្ជីតេស្តសមត្ថភាព Geekbench

តាមដំណឹងថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Honor 600 Series របស់ក្រុមហ៊ុន Honor នឹងបង្ហាញខ្លួនឆាប់ៗនេះ ហើយ។ ស្របពេលជាមួយគ្នានេះ ក៏មានរូបភាពជាច្រើនរបស់ស្មាតហ្វូនម៉ូដែល Honor 600 Pro មានការបែកធ្លាយនៅលើអ៊ីនធឺណិតផងដែរ ដែលនេះ មានអាចនិយាយបានថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួនឆាប់ៗនេះតាមការគ្រោងទុក។
តាមរយៈរូបភាពជាច្រើននេះ គឺត្រូវបានគេចែករំលែកនៅលើ Weibo ដោយអ្នកទម្លាយ Digital Chat Station ដែលមានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ មានពណ៌ទឹកក្រូច។
ទៅលើការផ្លាស់ប្តូរដ៏ធំបំផុតនៅលើស្មាតហ្វូននេះ គឺនៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូន។ នៅលើខ្នងក្រោយស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ ដែលមានការឌីស្សាញខុសប្លែកពីអ្វីដែលក្រុមហ៊ុន Honor បានឌីស្សាញកន្លងមក។ ការឌីស្សាញថ្មីនៅលើស្មាតហ្វូននេះមើលទៅស្រស់ស្អាត និងទាក់ទាញ។ មើលទៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 6.57 អ៊ីង OLED display ជាមួយនឹងគែម bezel ស្តើង។ ហើយបើនិយាយពីខាងមុខវិញ នៅលើស្មាតហ្វូននេះ មានកាមេរ៉ា Punch-Hole នៅផ្នែកខាងលើនៃអក្រង់។
សូមជំរាបថា កាលពីពេលមុននេះ ស្មាតហ្វូន Honor 600 series បានបង្ហាញខ្លួននៅលើបញ្ជីតេស្តសមត្ថភាព Geekbench និងលិខិតបញ្ជាក់ពីភាពធន់ TUV រួចហើយ។ ស្មាតហ្វូននេះ មានពិន្ទុ 1318 នៅក្នុងការតេស្ត Single-Core និង 4075 នៅក្នុងការតេស្ត Multi-Core នៅលើការតេស្តក្នុងបញ្ជី Geekbench 6.6.0 ខណៈដែលស្មាតហ្វូនម៉ូដែល Pro មានពិន្ទុ 2951 និង 8869។

នៅក្នុងវិញ្ញាបនបត្រ TUV វិញ គឺមានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា IP68 និង IP69 សម្រាប់ការពារធូលី និងការជ្រាបទឹក។ ចំពោះអេក្រង់របស់ស្មាតហ្វូនថ្មីនេះវិញ គឺមានកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate ហើយនិងមានកាមេរ៉ាគោលទំហំដល់ទៅ 200MP។ ស្មាតហ្វូននេះក៏នឹងបំពាក់នូវថាមពលថ្មទំហំដល់ទៅ 9,000mAh ផងដែរ។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតដូចជាកម្លាំងម៉ាស៊ីន តម្លៃនៅមិនទាន់ប្រកាសនៅឡើយទេ៕
